ព័ត៌មានជាតិ

ស្ត្រីឆបោកដ៏ជំនាញម្នាក់ អស់លក្ខណ៍ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន!!

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវមុខសញ្ញាឆបោកប្រាក់ ឃាត់ខ្លួនបានម្នាក់ នៅចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

យោងតាមសំណើរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការសុំកិច្ចសហប្រតិបត្តិការរវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌ ជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចុះស្រាវជ្រាវរកមុខសញ្ញាឆបោក ដែលទទួលបានតម្រុយមុខសញ្ញាជនល្មើសស្ថិតនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។

ដោយទទួលបានបទបញ្ជា និងវិធានការពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច លោកបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ចុះកិច្ចសហប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ នៅចំណុចភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ដែលជាទីតាំងទទួលផ្ទេរប្រាក់ពីជនរងគ្រោះ)។ តាមចម្លើយ និងតាមភស្តុតាងក្រដាសវេរលុយ ពីម្ចាស់ទីតាំងវេរលុយ កម្លាំងជំនាញអាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងបានបើកកិច្ចសហប្រតិបត្តិការបន្ត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ហ៊ាង ស្រីនាង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងវត្ថុតាងរួមមាន ៖ ប្រាក់ខ្មែរចំនួន ១,០០០,០០០រៀល ក្រដាសវីងទទួលលុយ ចំនួន ១,០០០,០០០រៀល (សរុបទឹកប្រាក់ទាំងអស់ចំនួន ២,០០០,០០០រៀល) ,ទូរសព្ទដៃ ចំនួន២គ្រឿង ។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ បានសារភាពថា ៖ ខ្លួនធ្លាប់ជាប់ពន្ធនាគារ ០១លើករួចមកហើយ ពាក់ព័ន្ធករណីខាងលើខ្លួនពិតជាបានទទួល និងផ្ទេរប្រាក់ពីជនរងគ្រោះពិតប្រាកដមែន ចំនួន ២,០០០ដុល្លារសហរដ្ឋអាមេរិក តាមរយៈបុរសម្នាក់ដែលមានទំនាក់ទំនងគ្នាតាមទូរសព្ទ តែមិនស្គាល់មុខ ។

ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តសៀមរាប ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ៖ ឆបោក ។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ប្រគល់ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់