បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានបុរសម្នាក់ ដែលគេដឹងថាបែកថ្នាំញៀន យកកាំបិតមកកាប់បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរជាបន្ទាន់ភ្លាមៗ ។
ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហឿង សៃនាវ ភេទស្រី អាយុ៥៨ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែកជនដៃដល់ឈ្មោះ ស្វឿង ប៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ជាមួយជនរងគ្រោះ ។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយធ្វើទឹកសម្លនំបញ្ចុកហូបជាលក្ខណៈគ្រួសារ ជាមួយបងប្អូនក្នុងភូមិ៤ទៅ៥នាក់ មកជួយចិតបន្លែ នៅក្រោមផ្ទះ ស្របពេលនោះឈ្មោះ ស្វឿង ប៉ុង ជនដៃដល់ញៀនថ្នាំ បានកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់អ្នកដែលកំពុងធ្វើទឹកសម្លនំនិងចិតបន្លែដោយពុំដឹងមូលហេតុ ។ ដោយឃើញសកម្មភាពរបស់ជនដៃដល់ដូចជាសាហាវ ក៏នាំគ្នារត់ ជនបែកថ្នាំនោះបានដេញតាមកាប់អ្នកទាំងអស់នោះ តែចៃដន្យស្ត្រីរងគ្រោះបានរត់ទៅជាន់ដុំដីក្រឡាច់ជើងបណ្តាលឲ្យដួល ត្រូវជនល្មើសតាមទាន់កាប់ត្រូវជាច្រើនកាំបិត ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែដោយរបួសធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
ក្រោយពីធ្វើសកម្មភាពរួច ជនល្មើសបានរត់គេចខ្លួន ដោយយកកាំបិតខ្វែវទៅជាមួយ ៕

មតិយោបល់