ភ្នំពេញៈ ទីបំផុតទៅ ពន្លឺយុត្តិធម៌ បានលេចចេញបន្តិចៗ ហើយចំពោះ លោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ដែលត្រូវបាន លោក អ៊ូ ពៅ អធិការរងនគរបាលខណ្ឌ៧មករា ប្រើអំពើហិង្សាលើលោកស្រី រហូតបាក់ដៃ នៅក្នុងសាលាសង្កាត់ពន្សាំង។
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះលោកស្រី ឌី សារៀម ក្នុងនាមជាជនរងគ្រោះ និងជាដើមបណ្តឹង ត្រូវបានលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺ ពាក់ព័ន្ធ សំណុំរឿង ហិង្សា ដែលលោក អ៊ូ ពៅ បានប្រើហិង្សាលើលោកស្រី។
សូមជម្រាបជូនថា លោក អ៊ូ ពៅ អធិការរងនគរបាលខណ្ឌ៧មករា ត្រូវបានលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងសាលាសង្កាត់ពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។
យោងតាមបទចោទប្រកាន់ លោក អ៊ូ ពៅ អាចប្រឈមមុខការផ្តន្ទាទោសដាក់គុក រយៈពេលពី ១ឆ្នាំ ទៅ៣ឆ្នាំ។
ប៉ុន្តែមកដល់ពេលនេះ ជនត្រូវចោទឈ្មោះ អ៊ូ ពៅ ជាអធិការរងខណ្ឌ៧មករា កុំរស់នៅក្រៅឃុំ ដោយក្តីរីករាយ នៃអំពើវាយដំពលរដ្ឋ ពុំមានច្បាប់ណា ហ៊ានចាប់ចងបុគ្គលចេះច្បាប់ តែល្មើសច្បាប់រូបនេះបានទេ។
មតិអ្នកច្បាប់ បានលើកឡើងថា ការដែលជនត្រូវចោទ ឈ្មោះ អ៊ូ ពៅ មានតួនាទីជាអធិការរងនគរបាលខណ្ឌ៧មករា អាចដើរវាយធ្វើបាប ប្រជាពលរដ្ឋតាមតែអំពើចិត្ត ដោយមិនមានការឃាត់ខ្លួនយកទៅឃុំខ្លួន អនុវត្តទោសតាមច្បាប់ ជាការអនុវត្តបែបផែន២ ចំពោះពលរដ្ឋ ដែលមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
ក្រុមអ្នកច្បាប់ ថ្លែងថា បើពលរដ្ឋធម្មតា ច្បាប់ចាប់ដាក់ពន្ធនាគារ ចំណែកបុគ្គលមានអំណាច ប្រព្រឹត្តកំហុសដូចគ្នា ប៉ុន្តែរួចខ្លួន នោះមានន័យថា វាជាការអនុវត្តស្តង់ដា ២ចំពោះពលរដ្ឋដែលរស់នៅក្រោមការគ្រប់គ្រង នៃច្បាប់តែមួយ។
អ្នកច្បាប់ ស្នើឲ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងយុត្តិធម៌ មេត្តាយកចិត្តទុកដាក់ក្នុងការ តាមដាន ការអនុវត្តច្បាប់ផង ខណៈដែលកំណើន នៃជនរងគ្រោះជាពលរដ្ឋក្រីក្រ ទន់ខ្សោយ គ្មានអំណាចហាក់កំពុងកើនឡើងខ្លាំងឡើងៗ៕
មតិយោបល់