ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ លោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំម្រះផ្ទាល់លើជនជាប់ចោទចំនួន៣នាក់ដែលជាអ្នកចាក់កន្ទុយលេខ។
ជនជាប់ចោទរួមមាន៖
-ទី១ឈ្មោះ អឿន ចិន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-ទី២ឈ្មោះ ជា សុភា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
-ទី៣ឈ្មោះ ផាត់ ផាណុត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។
ត្រូវបានលោក អ៊ុ សុភក្តី តំណាងអយ្យការចោទប្រកាន់ពីបទលែងល្បែងស៊ីសងខុសច្បាប់។
ក្រោយសាកសួរដេញដោលលោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមជំនុំជម្រះបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង៣នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល៧ថ្ងៃ ប៉ុន្តែទោសនេះតម្រូវឲ្យព្យួរធម្មតា និងពិន័យក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលចូលថវិការដ្ឋ។
ដោយឡែកជនជាប់ចោទឈ្មោះ លី សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២០០ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានលោកស្រី ពេជ្រ ម៉ារ៉ែន សម្រេចចេញដីកា ឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ។
គួររំឭកថា ប្រតិបត្តការណ៍បង្ក្រាបមេកន្ទុយលេខ និងអ្នកលេខខាងលើបានធ្វើឡើងកាលពីម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់គ្រឿងទេស យីហោ លី សុគន្ធា ស្ថិតនៅផ្ទះលេខ២០០ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានការដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌនគរបាលខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក អ៊ុ សុភក្តីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់