ព័ត៌មានជាតិ

សន្តិសុខម្នាក់ដែលត្រូវលោកឧកញ៉ា ឡុង ហួរ យកដងអំបោសវាយបែកក្បាលនោះ ពេលនេះលោកឧកញ៉ាបានសងសំណងចំនួន៧០០ដុល្លារ!

ភ្នំពេញៈ ករណីលោកឧកញ៉ា ឡុង ហួរ យកដងអំបោស វាយបុគ្គលិកសន្តិសុខឯកជនម្នាក់បែកក្បាល ដេរ​៥​ថ្នេរ បានបញ្ចប់ត្រឹមសងលុយ​៧០០ដុល្លារ ជនរងគ្រោះជាសន្តិសុខបានយល់ព្រមដកពាក្យបណ្ដឹងដែលបានប្ដឹងលោកឧកញ៉ា ឡុង ហួរ វិញហើយ​។ តែទោះបីដោះស្រាយចប់ហើយជនរងគ្រោះដកពាក្យបណ្ដឹងក៏នៅជាប់បណ្ដឹងអាជ្ញាដែរ។ ដូច្នេះសមត្ថកិច្ចត្រូវតែបញ្ជូនសំណុំរឿងទៅទៅព្រះរាជអាជ្ញាដើម្បីចាត់ការបន្ត។

ទាក់ទងករណីភាគីបង្កសងលុយ ៧០០ដុល្លារ និងភាគីជនរងគ្រោះដកពាក្យបណ្ដឹងវិញនេះ លោកនាយប៉ុស្តិ៍ កាកាប១ បានប្រាប់ភ្នាក់ងារ Post News ថា ទោះបីភាគីជនរងគ្រោះបានដកពាក្យបណ្ដឹងវិញក៏ដោយ ក៏សំណុំរឿងនេះនៅជាប់បណ្តឹងអាជ្ញាដែរ។

គួររំលឹកថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បុរសជាបុគ្គលិកសន្តិសុខម្នាក់ទាំងក្បាលមានរបួស បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ សុំដាក់ពាក្យប្ដឹងឧកញ៉ាម្នាក់ ដែលបានយកដងអំបោសវាយចំក្បាលបណ្តាលឲ្យរងរបួសដេរ៥ថ្នេរ ជនរងគ្រោះមានឈ្មោះ ព្រុំ សារ៉េត អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុន បេះសូវីស យាមនៅផ្ទះឧកញ៉ា ឡុង ហួរ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែក ឧកញ៉ាដែលជនរងគ្រោះដាក់ពាក្យប្ដឹងនោះ ឈ្មោះ ឡុង ហួរ មានលំនៅដ្ឋាននៅង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះបានរៀបរាប់ថា មុនកើតហេតុ ខណៈគាត់អង្គុយយាមកាមនៅក្នុងផ្ទះរបស់លោកឧញ៉ា ឡុង ហួរ នោះ តែដោយសារអស់កម្លាំងពេក ក៏បានដេកលក់មួយភាំង ។ លុះមកដល់វេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែលោកឧកញ៉ា ឡុង ហួរ បានយកដងអំបោសមកសំពងក្បាលរបស់រូបគាត់ ត្រូវចំនួន៣អំបោស បណ្តាលឲ្យគាត់រងរបួសបែកហូរឈាមស្រោចពេញខ្លួន ។

ជនរងគ្រោះ បានបន្តទៀតថា ក្រោយមក ក៏មានអង្គរក្សម្នាក់របស់លោកឧកញ៉ានោះ បានស្រែកប្រាប់ថា ចេញឲ្យឆ្ងាយទៅ ប្រយ័ត្នគេចូលទៅក្នុង ចេញមកវិញយកកាំភ្លើងមកបាញ់ងាប់ ។ ឮដូចនេះ គាត់បានរត់គេចចេញ និងមកសុំអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាបទី១ តែពុំមានកម្លាំងនៅប្រចាំការនៅប៉ុស្តិ៍ ទើបរូបគាត់ត្រឡប់ទៅផ្ទះវិញសិន ។
លុះស្អែកឡើងវេលាថ្ងៃត្រង់ ទើបរូបគាត់បានធ្វើដំណើរមកប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងម្តងទៀតដើម្បីឲ្យជួយរកយុត្តិធម៌ជូនគាត់ ។

ក្រោយពេល ដែលបុគ្គលិកសន្តិសុខរូបនេះបានដាក់ពាក្យបណ្តឹងរួចហើយនោះ គាត់ក៏បាបត្រឡប់ទៅផ្ទះវិញ រួច ក៏ស្ងាត់ឈឹង បាន២ថ្ងៃ ស្រាប់តែភាគីបង្ក និងភាគីរងគ្រោះ បានត្រូវរ៉ូវគ្នាដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយឧកញ៉ាឡុង ហួរ មានលុយកាក់ទ្រព្យសម្បត្តិហូរហៀរ សងជំងឺចិត្តដល់ជនរងគ្រោះចនួន៧០០ដុល្លារ ជាថ្នូរនិងជនរងគ្រោះដកពាក្យបណ្ដឹងវិញតែទោះជាយ៉ាងណាក្តីក៏សំណុំរឿងនេះនៅជាប់បណ្តឹងអជ្ញាដដែល៕

មតិយោបល់