ព័ត៌មានជាតិ

ម៉ូតូកង់បីឥណ្ឌា របស់ក្រុមហ៊ុន Vigo Taxi App បុករថយន្តឡិចស៊ីស GS-300 ស្លាកលេខ ភ្នំពេញ 2AT-7176 ពីក្រោយបណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងហើយលឿនបានជ្រុលចង្កូតមកបុករថយន្តលុចស៊ីស GS-300 ពីក្រោយបណ្តាលឲ្យរងការខូចខាតរីឯម្ចាស់កង់បីរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងបើកម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1X-8209 បើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកបុកគូទរថយន្តឡិចស៊ីសGS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-7176 កំពុងបត់ចូលច្រកផ្ទះបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយ រថយន្តរីឯម៉ូតូកង់បីឥណ្ឌាវិញរងការខូចខាតស្ទើរតែទាំងស្រុងហើយបង្កឲ្យអ្នកបើកបរនោះរងរបួស ។

ក្រោយពេលកើតហេតុខាងភាគីម្ចាស់រថយន្តក៏ព្រមយកសំណងចំនួន១២០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់