ព័ត៌មានជាតិ

​​ប្រទះឃើញ​បុរសម្នាក់ដេក​​ស្លាប់​នៅ​ក្នុង​បង្គន់​ នៃ​ហាង​លក់​គុយទាវ

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹក ដោយសារតែមានមនុស្សម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ទឹករបស់អាហារដ្ឋានមួយកន្លែង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចហាងលក់គុយទាវ មួយកន្លែងរបស់ឈ្មោះ ហ្វឹក នុយ  ស្ថិតក្នុងក្រុមទី៦ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ការភ្ញាក់ផ្អើលនេះ ដោយសារតែមានករណីមនុស្សដួលស្លាប់ នៅក្នុងបង្គន់នៃអាហារដ្ឋានលក់គុយទាវ ដោយជនរងគ្រោះមានឈ្មោះ នួន វុទ្ធី  ហៅម៉ៅ  ភេទប្រុស អាយុ៥៣ឆ្នាំ មាននាទីជាមន្ត្រីយោធា ក្នុងកងពលតូចលេខ៥៣ រស់នៅភូមិសាំងរាំង ឃុំបវេល  ស្រុកបវេល ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីប្រភពមួយចំនួននៅក្នុងហាងគុយទាវនោះ បាននិយាយថា នៅមុនពេលកើតហេតុ គឺគេបានឃើញជនរងគ្រោះចូលទៅក្នុងហាងគុយទាវ ដើម្បីស្រស់ស្រូបអាហារ ពេលព្រឹកជាធម្មតា។ ប៉ុន្តែក្រោយពេលដែលជនរងគ្រោះដើរទៅបន្ទប់ទឹកក៏ស្រាប់តែបាត់ឈឹងតែម្តង ដោយមិនឃើញត្រឡប់មកវិញឡើយ។ ភ្លាមៗនោះដែរ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល ដោយសារតែគេបានប្រទះឃើញជនរងគ្រោះ បានដួលស្លាប់នៅក្បែរបង្គន់  ទើបម្ចាស់ហាងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ដើម្បីឲ្យចុះទៅត្រួតពិនិត្យ  និងដោយមានការបញ្ជាក់ពីក្រុមគ្រួសារ សាច់ញាតិផងនោះ ទើបដឹងថា  ជនរងគ្រោះអាចមានអាការ:លើសឈាម ទើបបណ្តាលឲ្យវិលមុខហើយ ដួលស្លាប់តែម្តង ព្រោះគេមានរោគនេះប្រចាំកាយស្រាប់ផង។

ក្រោយពេលត្រួតពិនិត្យរួច សមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

die-2

die-1

មតិយោបល់