ព័ត៌មានជាតិ

មួយភ្លែត២ករណីនៅកន្លែងតែមួយ! បើករថយន្តស៊េរីទំនើបបុកទ្រូងផ្លូវ​ម្នាក់ស្លាប់ ម្នាក់របួស!

ភ្នំពេញៈ រថយន្ត២គ្រឿងផ្សេងគ្នា បើកបុកក្បាលព្រួញពុះ​ចែក​ទ្រូង​ផ្លូវ​នៅកន្លែងតែ​មួយ​បន្ត​បន្ទាប់​គ្នា​ បណ្តាលឲ្យ​បុរស​ម្នាក់ស្លាប់​និង​ម្នាក់ទៀត​រងរបួស​។

ហេតុ​ការណ៍​នេះ​បង្ក​កើត​ឡើង​​ត្រង់ចំណុច​ខាង​ក្លោង​ទ្វារ​ច្រក​ចូល​ផ្សារ​ទួល​គោក​ តាមបណ្ដោយ​ផ្លូវលេខ​​២៨៩​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល​គោក​។

ហេតុ​ការណ៍​ទី​១កើត​ឡើង​កាល​ពី​វេលាម៉ោង​៩និង៣០នាទី​យប់​ ​មាន​បុរស​វ័យប្រហែល២៨ឆ្នាំ​ម្នាក់​ បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ម៉ាកស័រដេះ​ AMG C63 ពណ៌​ស​ គ្មានស្លាក​លេខ​ ដោយបើកបរក្នុងស្ថាន​ភាព​ស្រវឹង​ជោកជាំ​ តាមបណ្ដោយ​ផ្លូវ​លេខ​២៨៩​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ និងក្នុងល្បឿនយ៉ាងលឿន​។ លុះមកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​ខាងលើ​រេចង្កូត​ទៅ​ខាង​ឆ្វេង​ រួចក៏ជ្រុល​ទៅ​បុក​និងក្បាលព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាលឲ្យ​រថយន្ត​ខាងលើ​រង​ការ​ខូចខាត​កំពិត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង។​ ចំណែកឯ​អ្នក​បើកបរ​រង​របួស​ស្រាល​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ ហុងហាក់​។ ដោយឡែក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូចខាត​បែក​ឆ្កូត​បន្តិច​បន្តួច​។ ក្រោយមកសមត្ថកិច្ច​ជំនាញ​ក៏បាន​​ចុះ​មក​ធ្វើ​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​។

ចំណែកឯ​ហេតុ​ការណ៍​ទី​២កើតឡើង​កាលពីវេលា​ម៉ោង​៤ទៀប​ភ្លឺ​ ថ្ងៃទី​២​ ខែតុលា​ ឆ្នាំ​២០១៨​ ដោយខណៈពេលមេឃកំពុងធ្លាក់ភ្លៀងជោកជាំគឺមានបុរសម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ តូយ៉ូតា​ព្រូស​ ពណ៌​ទឹក​ប្រាក់​ គ្មាន​ស្លាក​លេខ​ ធ្វើ​តាម​បណ្ដោយ​ផ្លូវ​២៨៩​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ និង​ល្បឿន​យ៉ាង​លឿន​។ លុះមកដល់​ចំណុច​កើត​ហេតុ​រថយន្ត​ខាងលើ​ក៏​ស្រាប់​តែ​រេចង្កូត​ទៅ​ខាង​ឆ្វេង​ រួចក៏ជ្រុល​ទៅ​បុក​និងក្បាលព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាលឲ្យ​រថយន្ត​ខាងលើ​រង​ការ​ខូចខាត​កំពិត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង​និងមានផ្សែងបង្កចេញជា​អណ្តាត​ភ្លើង​ឆាបឆេះរដយន្តម្តង​។ ចំណែកឯ​អ្នក​បើកបរបានបាក់កស្លាប់ភ្លាមៗ​ ហើយ​​ក៏មាន​ប្រជាពលរដ្ឋ​បាននាំគ្នា​ទាញ​យក​អ្នក​បើកបរ​រថយន្ត​ចេញ​ពី​ក្នុង​រថយន្ត​ភ្លាមៗ​ផងដែរ​។ និងបាននាំគ្នាទាញទុយយោទឹកបាញ់ពន្លត់រថយន្តខាងលើ​ តែ​ដោយ​មិន​រលត់​ ក៏​រាយការណ៍​ជូនសមត្ថកិច្ច​និងរថយន្តពន្លត់​អគ្គិភ័យ​របស់ស្នងការរាជធានីភ្នំពេញ​មកចំនួន២​គ្រឿង​ហើយបាន​ធ្វើ​ការ​បាញ់ពន្លត់​អស់ទឹកតែបន្តិចក៏រលត់ជាស្ថាពរ​។

សមត្ថកិច្ច​បានឲ្យដឹងថា​សពបុរ​ស​ជា​អ្នក​បើកបរ​រថយន្ត​ខាងលើ​មានឈ្មោះ​ អេន​ សៅ​ អាយុ​២៥ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ទី​៥​ ឃុំព្រែកតានង់​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​។ បច្ចុប្បន្ន​ដោយមិនទាន់ទាក់ទង​រកសាច់ញាតិ​ឃើញ​ពសបុរសខាងលើត្រូវបានដឹកយកទៅតម្កល់ទៅវត្តទឹកថ្លា​ដើម្បី​រង់ចាំ​សាច់ញាតិ​ ដោយឡែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​។

គួរ​បញ្ជាក់​ថានៅពេលកន្លងមក​ ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ​គឺ​មាន​ដាក់​របាំងថ្ម​បាំងមិនឲ្យមានចរាចរណ៍ធ្វើដំណើរឆ្លងកាត់នោះទេ​។ តែនាពេលពីរបីថ្ងៃមកនោះ​ក៏មានការណ៍​ដករបាំង​ថ្ម​ចេញ​ រួចមានបំពាក់ភ្លើងសញ្ញាចរាចរណ៍​ ឲ្យមានការធ្វើដំណើរឆ្លងកាត់​វិញ​។ ដោយឡែក​សម្រាប់​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​គឺមិនមាន​ស្លាក​ឬ​ចំណាំង​ផ្លាត​អ្វី​នោះទេ​៕

https://www.youtube.com/watch?v=6rX6THluvZc

មតិយោបល់