ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តពេញត្រង់ចំណុចស្តុបបែកជាបួន បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ យុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុរថយន្តតាកូម៉ាមួយគ្រឿងចំពាក់កណ្តាលពេញទំហឹង បណ្តាលរងរបួសធ្ងន់ទាំង២នាក់។ ចំណែករថយន្តបើកបន្តដំណើរទៅមុខបាត់ស្រមោល។

ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសំណង់(១២) តាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4409 ជិះឌុបគ្នាតាមបណ្តោយផ្លូវ២៦៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនកែងនិងផ្លូវ១៨២ បានជ្រុលចង្កូតទៅបុចរថយន្តតាកូម៉ា មួយគ្រឿងពណ៌មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវ១៨២ទិសដៅពីលិចទៅកើតចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលឲ្យជនរងគ្រោះទាំង២នាក់បោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់​ត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុងហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបន្តដំណើរទៅមុខទៀតបាត់ស្រមោលបន្សល់ទុកជនរងគ្រោះសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ចំណែករថយន្តសត្ថកិច្ចធ្វើការស្រាវជ្រាវដើម្បីយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់