ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជាបុគ្គលិកអង្គការ ការីតាសម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈជិះម៉ូតូ ត្រូវរថយន្តបុកពីចំហៀងពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ ព្រហស្បតិ៍ទី៤ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរផ្សារអូរឬស្សី តាមបណ្ដោយផ្លូវលេខ១៨២ កែងនិងផ្លូវ១០៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះ(សព)មានឈ្មោះ ទូច ច័ន្ទថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើការនៅអង្គការការីតាស ស្នាក់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។ ដោយជនរងគ្រោះជិះម៉ូតូម៉ាក Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-3904 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ (វិថីសុកហុក) ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មមឆ្លងផ្លូវលេខ១៨២ ស្របពេលនោះស្រាប់តែមានរថយន្តហាយឡែនឌ័រ មិនចាំស្លាកលេខ ដែលបើកបរតាមបណ្ដោយផ្លូវ១៨២ (វិថីទេពផន) ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលបុកម៉ូតូជនរងគ្រោះចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាង២០ម៉ែត្រ រីឯជនរងគ្រោះខ្ទាតពីម៉ូតូ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប្រភពបន្តថា ភ្លាមៗរថយន្តបង្កបានគេចបាត់ពីកន្លែងកើតហេតុ រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះផងដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តដឹកត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំប្រគល់ជូនសាច់ញាតិពេលក្រោយ ។ ចំណែកសព ត្រូវបងប្អូនយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/9w4zWb_b-64
មតិយោបល់