ព័ត៌មានជាតិ

​សមត្ថកិច្ចចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកបរិសុទ្ធ៤ទីតាំង ពុំមានកាលបរិច្ឆេទ គ្មានដាក់​(ច.ប.ផ) និងពុំមានច្បាប់គ្រប់គ្រាន់!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយទទួលបានណែនាំពីលោក គឹម មាសសុខសីហា អគ្គនាយករងកាំកុងត្រូល ឲ្យចូលរួមជាមួយ គណៈកម្មាធិការ (គ.ប.ផ.ក) ចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកបរិសុទ្ធចំនួន ​៤ទីតាំង ដែលមាន៖
ទី១៖ ​ស្ថិតនៅទីតាំង ផ្ទះលេខ១៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ទី២៖ ផ្ទះលេខ ៩៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ទី៣៖ ដីឡូលេខ ១០A ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ទី៤៖ ផ្ទះ ១C ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ដែលដឹកនាំដោយព្រះរាជអាជ្ញារង គុជ គឹមឡុង ចុះបានត្រួតពិនិត្យជាក់ស្តែងលើទឹកបរិសុទ្ធទាំង​៤កន្លែង ឃើញថានៅលើសំបកវេចខ្ចប់ទឹកបរិសុទ្ធទាំងនោះ ពុំមានកាលបរិច្ឆេទ គ្មានដាក់ (ច.ប.ផ) និងពុំមានច្បាប់គ្រប់គ្រាន់ទេ។

ក្រោយពីការត្រួតពិនិត្យ គណៈកម្មាធិការ (គ.ប.ផ.ក) សម្រេចឲ្យផ្អាកសិប្បកម្ម ចំនួន​៣​បណ្តោះអាសន្ន ដោយឲ្យម្ចាស់សិប្បកម្ម ទៅបំពេញបែបបទឲ្យបានត្រឹមត្រូវ និងសិប្បកម្ម១កន្លែងទៀតឲ្យដំណើរការធម្មតា។ ហើយបានយកគំរូទឹកសុទ្ធមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល៕

មតិយោបល់