ព័ត៌មានជាតិ

រថយន្តBMW ស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2AA-3688 បុកខឿនផ្លូវបន្តបុកស្លាកសញ្ញាភ្លើងស្តុប រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តម៉ាកBMWស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងផងនោះ ក៏បានបុកឡើងលើខឿនហើយបន្តទៅបុកស្លាកសញ្ញាភ្លើងស្តុបបាក់អស់មួយដើម ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២និង៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ (ម្តុំសួនក្តាន់ពីរ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិទំនងស្រវឹង បើករថយន្តម៉ាកBMW ស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-3688 បើកតាមបណ្តោយផ្លូវ R6 ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ក៏ជ្រុលទៅបុកឡើងលើខឿនរងការខូចខាតយ៉ាងដំណំ និងបន្តទៅបុកបង្គោលស្លាកសញ្ញាភ្លើងស្តុបបាក់អស់មួយបង្គោលទៀត។ រីឯរថយន្តផ្ទុះពោងសុវត្ថិភាពទាំងអស់តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់