ព័ត៌មានជាតិ

រថយន្តMITSUBISHI-Triton បុករថយន្តឡិចស៊ីស៤៥០ ស្លាកលេខ ខេមរភូមិន្ទ 02-7077 ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តម៉ាក MITSUBISHI-Triton មួយគ្រឿង បត់មិនប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស៤៥០ មួយគ្រឿង បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភាមុខJet-Conternier សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស៤៥០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-7077 បើកតាមបណ្តោយផ្លូវរដ្ឋភាទិសដៅពីជើងមកត្បូងស្រាប់តែដល់ផ្លូវបែកជាបួនបត់ទៅឆ្វេងហើយក្នុងល្បឿនលឿនដូចគ្នាផងនោះ ខណ:ដែររថយន្ត MITSUBISHI-Triton ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-7690 បើកតាមបណ្តោយផ្លូវមុខ Jet-Conternier ទិសដៅពីកើតទៅលិចបម្រុងបត់ឆ្វេងទៅផ្លូវរដ្ឋសភា ស្រាប់តែបុកគ្នាខ្ទេចក្បាលផ្នែកខាងមុខខាងឆ្វេងរថយន្តដូចគ្នារងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងសម្របសម្រួលគ្នាដោយយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់