ព្រៃវែងៈ កាលពីវេលាម៉ោង៧និង៥០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE-0780 (អ្នកបើកគេចខ្លួនបាត់) បើកបរពីលិចទៅកើត ស្របទិសគ្នាជាមួយនិងម៉ូតូ លុះមកដល់កន្លែងកើតហេតុក៏បុកម៉ូតូពីក្រោយម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CF-1750 ជិះដោយឈ្មោះ ឡុង ទិត ភេទប្រុស អាយុ ៣៥ឆ្នាំ និងអ្នករួមដំណើរ៣នាក់ ទី១មានឈ្មោះ ផន វ៉ាន់ ភេទប្រុស អាយុ៥៨ឆ្នាំ(ស្លាប់នៅនឹងកន្លែង),ទី២ឈ្មោះ ម៉ៃ សារ៉ា ភេទស្រី អាយុ៥៧ឆ្នាំ,និងទី៣ឈ្មោះ ឃឹង ជឿ ភេទប្រុស អាយុ៨ឆ្នាំ អ្នកទាំង៤នាក់ រស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរំចេក។ ចំណែកសាកសព ត្រូវបានសម្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់