ព័ត៌មានជាតិ

អាងខ្លួនជាយោធាទៅរករឿងអ្នកលក់លតឆា បង្កជម្លោះត្រូវអ្នកលក់វាយមួយវែក បែកក្បាលឈាមហូរជោគខ្លួនដេរ៣ថ្នេរ

បន្ទាយមានជ័យ: បុរសម្នាក់ដែលគេស្គាល់ថាជាទាហាន បានផឹកស្រាស្រវឹងហើយទៅរករឿងអ្នកលក់លតឆា បង្កជម្លោះត្រូវអ្នកលក់លតឆាវាយមួយវែក បែកក្បាលឈាមហូរជោគខ្លួនដេរ៣ថ្នេរ ចំណែកអ្នកលក់ក៏ត្រូវរបួសជាំដៃផងដែរ។ ករណីអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខវេទិកាសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចថាភាគីអ្នកលក់លតឆាឈ្មោះ គីម សីម៉ា (ហៅសេ) ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកភាគីម្ខាងទៀតដែលបង្កជម្លោះឈ្មោះ ឡុង ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរទាហាន។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុឈ្មោះ ឡុង ភក្តី ដែលគេស្គាល់ថាជាទាហាន បានឈប់ទិញលតឆាទាំងស្រវឹងស្រា ហើយបានយកស្រាទៅចាក់ចូលក្នុងខ្ទះលតឆារបស់ឈ្មោះ គឹម សីម៉ា ហៅ សេ ធ្វើឲ្យអ្នកលក់ឈ្មោះ គឹម សីម៉ា ខឹងសម្បា ក៏ឈ្លោះទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ការប្រើអំពើហិង្សា រួចឈ្មោះ គឹម សីម៉ា បានទាញវែកឆាវាយទៅលើក្បាលឈ្មោះ ឡុង ភក្តី មួយវែកឆាយ៉ាដំណំ បណ្តាលឲ្យបែកក្បាលហូរឈាមជោគខ្លួន ដេរ៣ថ្នេរ ចំណែកឈ្មោះ គឹម សីម៉ា ហៅសេ ក៏ត្រូវឈ្មោះ ឡុង ភក្តី ទាញកៅអីជ័រវាយតបមកវិញ របួសជាំដៃខាងឆ្វេង ហើយត្រូវបានអ្នកជិតខាងចូលទៅឃាត់ និងរាយការណ៍មកសមត្ថកិច្ច និងបានចុះទៅដល់កន្លែងកើតហេតុ ។ ហើយចំពោះជុំវិញករណីហិង្សានេះ គេនៅមិនទាន់ដឹងថា ភាគីទាំងសងខាងមានដំណោះស្រាយជាមួយគ្នាយ៉ាងណានោះទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងធ្វើការសួរនាំភាគីទាំង២ ៕

 

មតិយោបល់