ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ១២ឆ្នាំ លង់ទឹកព្រែកស្លាប់យ៉ាងអាណោចអាធ័ម

តាកែវៈ កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី៩ ខែតុលា​ឆ្នាំ២០១៨ មានករណីក្មេងលង់ទឹកស្លាប់ នៅភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ម៉ែន បញ្ញា ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុងរងគ្រោះ បានទៅមុជទឹកព្រែកខាងជើងភូមិត្រពាំងស្វាយម្នាក់ឯង រហូតដល់យប់មិនឃើញត្រទ្បប់មកផ្ទះវិញ ទើបឪពុកម្ដាយក៏ដើរទៅរកមិនឃើញៗតែទ្រនាប់ជើង នៅក្បែរទឹកព្រែក បន្ទាប់មកក៏នាំគ្នាចុះរាវរក ក្នុងទឹករហូតដល់ម៉ោង៩ និង៥នាទីយប់ ទើបរកឃើញសាកសព។

ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្ដាញ់ និងមានការចូលរួមពីលោកមេភូមិត្រពាំងស្វាយ លោកជំទប់ទី២ ឃុំក្ដាញ់ និងគ្រូពេទ្យ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព ឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ បានសន្និដ្ឋានថា សពក្មេងប្រុសពិតជាស្លាប់ ដោយលង់ទឹកប្រាកដមែន ទើបប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់