ព័ត៌មានជាតិ

បើករថយន្តបត់ ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានលេខ៤ របួសធ្ងន់ស្រាលប្រុសស្រី៤នាក់ និងរថយន្តខូចយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បើករថយន្ត ម៉ាកហ៊ីយុនដាយមួយគ្រឿងដឹកបន្លែផ្លែឈើពេញ បានបើកបត់ផ្លូវ ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានលេខ៤ របួសធ្ងន់ស្រាលប្រុសស្រី៤នាក់ និងរថយន្តរងការខូចខាតមួយកំណាត់មុខ ស្ទើរទាំងស្រុងទៅមុខលែងរួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចស្ពានលេខ៤ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

រថយន្តបង្ករម៉ាកហ៊ីយុនដាយ ពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម​ 2A-9044 រងការខូចមួយកំណាត់មុខស្ទើរទាំងស្រុង រីឯបង្កាន់ដៃស្ពានរលំបង្គោល២ របើកនិងវៀចដែកបង្កាន់ដៃស្ពាន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿង ដឹកបន្លែផ្លែឈើពេញរថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុកបង្កាន់ដៃស្ពាន់ បណ្តាលឲ្យរងការខូចខាតផ្នែកកំណាត់មុខ ស្ទើរទាំងស្រុងទៅមុខលែងរួច ហើយ អ្នកបើកបរ និងអ្នករួមដំណើរប្រុសស្រី៤នាក់ (របួសធ្ងន់៣នាក់ និងស្រាលម្នាក់)។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាសវែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់