ភ្នំពេញៈ បុរសម្នាក់ដែលគេងតែឃើញពិសាស្រា ជាប្រចាំបាត់ពីផ្ទះ៧ថ្ងៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ អណ្តែតទឹកក្នុងប្រឡាយទឹកស្អុយអូវែង មានសភាពស្អុយរលួយ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៧និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងទឹកប្រឡាយអូវែងផ្លូវបេតុងវត្តទួល ក្រុមទី១៣ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សពឈ្មោះ ចិន រតន: ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុងវត្តទួល ក្រុមទី១១ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បុរសខាងលើ បានបាត់ខ្លួនតាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ មកម្ល៉េះតែម្តាយដើររកមិនឃើញ ទើបនៅថ្ងៃទី១៣ខែដដែល បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ហើយរហូតដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ទើបរកឃើញនៅកន្លែងកើតហេតុ។
តាមប្រភពពីសាច់ញាតិសពជនរងគ្រោះ បានឲ្យដឹងថា គាត់ជាបុរសពោះម៉ាយ បែកបាក់គ្រួសារជាយូរឆ្នាំមកហើយ គ្មានកូននោះទេ។
ប្រភពដដែលបន្តថា តាំពីថ្ងៃបាត់ខ្លួនមកក្រុមគ្រួសារ ដើររកដែរតែរកមិនឃើញ ទើបតែនៅព្រឹកនេះ មានប្រជាពលរដ្ឋភ្ញាក់ផ្អើលថា ឃើញសពមនុស្សអណ្ដែតទឹក ទើបពួកគាត់មកមើល ហើយចំណាំដឹងថាជាជនរងគ្រោះ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹកមែន។
បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់