ព្រៃវែងៈ មន្ត្រីរាជការនៅទូទាំងខេត្ត ពិសេសមន្ត្រីនៃការិយាល័យពន្ធដារខេត្តព្រៃវែង បានខ្សឹមប្រាប់នាយក្តាមប្រៃយើងឲ្យដឹងពីរឿងប្រព្រឹត្តអំពើពុករលួយយ៉ាងចំហររបស់លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្ត ដើម្បីឲ្យថ្នាក់លើបានដឹងខ្លះៗ។
តាមប្រភពពីក្រុមមន្ត្រីខាងលើ បានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា លោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ក្រោយពីបានឡើងកាន់តំណែងជាប្រធានអស់រយៈពេលជាងមួយឆ្នាំមក លោកប្រធានពន្ធដារដ៏មហិមារូបនេះ កំពុងតែខិតខំប្រឹងប្រែងប្រមូលប្រាក់តាមបែបអំពើពុករលួយនៅគ្រប់ស្រុក គ្រប់ច្រកចេញចូលតាមព្រំដែន និងគ្រប់រូបភាព ជាពិសេស គឺគាត់ចេះជំនាញប្រមូលប្រាក់ចំណូលបង់ពន្ធ ដែលរូបគាត់មានជំនាញតាំងពីនៅធ្វើជាប្រធានពន្ធដារគ្រប់គ្រង៣ស្រុកមកម៉្លេះ។
តាមក្រុមមន្ត្រីខាងលើ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ក្នុងរយៈពេលដ៏ខ្លីនៃការកាន់អំណាចជាប្រធានពន្ធដារខេត្ត ធ្វើឲ្យលោក ហ៊ឹម ឡូញ មានជីវភាពហក់ឡើងខ្ពស់ត្រដែតខុសពីពេលមុនដោយចាយលុយហ៊ឺហារ ផឹកស៊ីស្រីញីអូនបង ក្នុងហាងផឹកស៊ី ហាងខារាអូខេរាល់ៗរាត្រី ហើយថែមទាំងដោះដូរស៊េរីឡានផងដែរ។ ប្រភពនៅបានខ្សឹបប្រាប់នាយក្តាមប្រៃឲ្យដឹងទៀតថា ប្រភពចំណូលដែលលោកប្រធានពន្ធដាររូបនេះ យកទៅចាយហ៊ឺហារនោះ គឺជាប្រាក់ដែលលោក ហ៊ឹម ឡូញ កិបកេងបានច្រើនពីប្រាក់ពន្ធ ដែលប្រមូលតាមរោងម៉ាស៊ីនស្រូវ និងប្រាក់ពន្ធផ្ទេរកម្មសិទ្ធិដីធ្លី តាមរយៈការទារយកប្រាក់ពីអ្នកបង់ពន្ធច្រើន និងការប្រមូលតាមទីតាំងអាជីវកម្មនានា រួមនឹងទំនិញដែលនាំចូលមកពីវៀតណាម តាមច្រកផ្សេងៗជាច្រើនទៀត ហើយដាក់ចំណូលចូលថវិការដ្ឋតិចទួចប៉ុណ្ណោះ នៅសល់ប៉ុន្មាន គឺចូលហោប៉ៅគាត់ និងបក្ខពួក។
ប្រភពនៅបានខ្សឹបប្រាប់ថា ចំពោះតម្លៃនៃការបង់ពន្ធផ្ទេរដីធ្លី និងបង់ពន្ធរោងម៉ាស៊ីនស្រូវ គឺធ្វើឡើងតាមការដាក់តម្លៃតែលើបូរមាត់របស់លោក ហ៊ឹម ឡូញ និងកូនចៅរបស់គាត់តែប៉ុណ្ណោះ ហើយបញ្ហានេះ មិនមែនទើបតែកើតឡើងនៅពេលដែលលោក ហ៊ឹម ឡូញ ឡើងធ្វើជាប្រធានសាខាពន្ធដារនោះទេ គឺជាទម្លាប់ដែលគាត់បានធ្វើតាំងពីគាត់នៅជាប្រធានពន្ធដារស្រុកព្រៃវែង ស្រុកស្វាយអន្ទរ និងស្រុកពាមរក៍ មកម្ល៉េះ។
ចំពោះរឿងអាស្រូវរបស់លោក ហ៊ឹម ឡូញ នេះត្រូវក្រុមមន្ត្រីខាងលើ បានសុំឲ្យនាយក្តាមប្រៃយើងជួយខ្សឹបឮៗ ដើម្បីឲ្យថ្នាក់លើបានជ្រាបជាព័ត៌មានរឿងកូនចៅថ្នាក់ក្រោម និងជាពិសេសបានជ្រាបទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ៕
មតិយោបល់