ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកបន្តកន្ទុយគ្នា រងរបួស២នាក់យ៉ាងដំណំ

ភ្នំពេញ: រថយន្តសាំយ៉ុងមួយគ្រឿងលឿនប្រញ៉ាប់ទៅគោលដៅតែមិនដូចបំណង បែជាជ្រុលទៅបុកម៉ូតូសេ១២៥ ពីក្រោយឌុបគ្នា២នាក់ប្តីប្រពន្ធ ដួលខ្ទេចរួញគូទក្រោយ ប្តី-ប្រពន្ធ២នាក់បោករងរបួសដំណំ ហើយក៏បានម៉ូតូកង់បីមួយគ្រឿងផ្សេងទៀត ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តសាំយ៉ុង ដែលកំពុងជួបបញ្ហាជាមួយម៉ូតូ បណ្តាលឲ្យខ្ទេចរួចកង់មុខ តែអ្នកជិះពុំមានរងរបួស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតលើកំណាត់ផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-7548 ជិះគ្នា២នាក់ប្តី-ប្រពន្ធ ដំណើរពីកើតទៅលិច លុះដល់ចំណុចខាងលើ បានបើកភ្លើងស៊ីញ៉ូ ឆ្វេង ហើយប្រពន្ធអង្គុយពីក្រោយក៏លើកដៃសញ្ញា ឆ្វេងទៅទៀត តែមិនទាន់បានបត់ផង ត្រូវបានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3471 ដឹកមនុស្សប្រុសស្រី បើកស្របទិសលឿនជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលរងរបួស២នាក់ដំណំ ម៉ូតូខ្ទេចរួញកំណាត់ក្រោយ ហើយស្របពេលនោះ ស្រាប់តែម៉ូតូកង់បីមួយគ្រឿង បើកពីកើតទៅលិចស្របទិសដែរ ជ្រុលទៅបុកគូទរថយន្តបន្ថែមទៀត បណ្តាលឲ្យរថយន្តក្រពឹតគូទក្រោយ ម៉ូតូកង់បីបាក់រួញកង់មុខ តែមិនបង្កឲ្យមានរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍ បាញ់ថ្នាំចំណាំទុក យករថយន្តនិងម៉ូតូ ទៅដាក់កៀនខាងចិញ្ចើមផ្លូវ ជៀសវាងកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីទុកលទ្ធភាពឲ្យភាគីទាំង៣ និយាយសម្របសម្រួលគ្នា ៕

មតិយោបល់