ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុនកាពីតូល បុកម៉ូតូពីក្រោយ បណ្តាលមនុស្ស២នាក់រងរបួសធ្ងន់ស្រាល

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកជាមួយនិងម៉ូតូ បណ្តាលអោយបុរសម្នាក់រងរបួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចស្ពានព្រែកក្តាម នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣១-៣២ ក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បាន សុជា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រៃក្រឡា ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត(រងរបួសស្រាល) និងអ្នករួមដំណើរជាមួយឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា របួសបាក់ស្មងជើងខាងស្តាំ។

យោងតាមប្រភពព័ត៌មានបានឲ្យឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ3D-5353 ប្រភេទរថយន្តក្រុង ក្រុមហ៊ុនកាពីតូល (អ្នកបើកបររត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីកើតទៅជើង(ពីកំពង់ចាម- កំពង់ឆ្នាំង) លុះមកដល់កន្លែងកើតហេតុបានបុកនិងម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DB-4110 ដែលជិះចុះតាមដៃ ស្ពានព្រែកក្តាមមកផ្លូវជាតិលេខ៥ ក្នុងទិសដៅស្របគ្នា បានបុករុញពីក្រោយបណ្តាលឲ្យជនរងគ្រោះរងរបួសតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់