ព័ត៌មានជាតិ

ក្មេងទំនើងអុកឡុកនៅ​បរិវេណកាស៊ីណូផ្កាយប្រាំ ត្រូវកងរាជអាវុធបង្រ្កាបបាន ដកហូតកាំភ្លើង១ដើម…!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង​២​និង​៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា និងបទផលិត ឬចរាចរអាវុធសម្រាប់ប្រហារផ្សេងៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅចំណុចបរវេណកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានអំពីករណីក្មេងទំនើងបង្កការអុកឡុកនៅចំណុចបរវេណកាស៊ីណូផ្កាយប្រាំ លោកបានធ្វើសេចក្តីរាយការណ៍ទៅលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំវិធានការអនុវត្តន៍ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន​៣នាក់ ទី១​ឈ្មោះ មាស សុភ័ក្ត្រ (ហៅ ចិន) ភេទ​ប្រុស អាយុ​៣០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,ទី២​ឈ្មោះ ចិន ស័ក្ត ភេទ​ប្រុស អាយុ​១៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី​៣​ឈ្មោះ ញ៉ ឆារ៉ាន់ ភេទ​ប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ​រឹបអូសវត្ថុតាងរួមមាន​៖ កាំភ្លើងខ្លីប្រើហ្គាស​១ដើម​,កាំបិតផ្គាក់ដងឈើ ​១ដើម,អង្រែបុកគ្រឿង​១ដើម,គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន​២កូនថង់តូច​។

បន្ទាប់ពីធ្វើការឃាត់ខ្លួននិងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី​។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ៖ នៅវេលាម៉ោងប្រមាណ ០២ និង ០០នាទី ក្រុមខ្លួនមានគ្នាប្រមាណ ០៤នាក់ បាននាំគ្នាដើរលេង លុះទៅដល់ចំណុចផ្សាររ៉ា ស្រាប់តែមានក្មេង ០១ក្រុមផ្សេងទៀតមកសំឡុត និងដេញវ៉ៃក្រុមខ្លួន ហើយក្រុមខ្លួនមានកំហឹងជាខ្លាំងបាននាំគ្នាទៅផ្ទះនិងយកអាវុធរៀងៗខ្លួនដើម្បីមកសងសឹកជាមួយពួកក្មេងដែលដេញវ៉ៃពួកខ្លួននោះ លុះមកដល់ចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ក៏បានជួបក្រុមក្មេងដែលដេញវ៉ៃក្រុមខ្លួន ហើយក្រុមខ្លួនក៏បានដកកាំភ្លើងភ្ជង់ និយកកាំបិតដេញកាប់ក្មេងទាំងនោះ តែមិនបានបង្កឲ្យមានរបួសស្នាមឡើយ ពេលកំពុងដេញកាប់គ្នា ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថមកចាប់ឃាត់ខ្លួនតែម្តង ចំណែកគ្រឿងញៀន គឺក្រុមខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះ ដើម្បីយកមកប្រើប្រាស់​។

ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហិង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់