បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១០និង២៥នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ជីកកាយដីភ្នំដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចភ្នំស្រេះ ស្ថិតនៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឲ្យដឹងថា៖ យោងករណីខាងលើជាបទល្មើសធនធានធម្មជាតិជាក់ស្តែង ដោយទទួលបានសំណើសុំកិច្ចសហការរបស់មន្ទីររ៉ែ និងឋាមពលខេត្ត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១ឈ្មោះ ឌួន ធឿន ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្តីលើ ឃុំគយម៉ែង ស្រុកមង្គលបូរី និងទី២ឈ្មោះ ផន ភា ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោកស្វាយ ឃុំគុយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមការបញ្ជាក់របស់មន្ត្រីមន្ទីររ៉ែ និងឋាមពល បានអោយដឹងថា ៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានជីកកកាយដីភ្នំម្តងរួចមកហើយ ពេលនោះមន្ត្រីជំនាញរ៉ែ និងឋាមពល បានចុះទៅដល់កន្លែង និងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរបញ្ឈប់ការជីកកកាយដីភ្នំចាប់ពីពេលនោះមក តែជនសង្ស័យខាងលើ មិនព្រមអនុវត្តន៍តាមកិច្ចសន្យានៅតែបន្តការជីកកកាយដីភ្នំបន្ថែមទៀត ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ពេលខ្លួនកំពុងជីកកាយដីភ្នំ ឃើញមានមន្ត្រីរ៉ែ និងឋាមពល បានចុះមកធ្វើកិច្ចសន្យាបញ្ឈប់ការជីកកកាយដីភ្នំម្តងរួចមកហើយ តែថៅកែរបស់ខ្លួនមកប្រាប់ថា អោយជីកកកាយដីបន្ត ព្រោះកំពុងរត់ការសុំច្បាប់ លុះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក៏មានកម្លាំងអាវុធហត្ថចុះមកឃាត់ខ្លួនតែម្តង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជីកកកាយដីភ្នំដោយខុសច្បាប់ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់