ភ្នំពេញៈ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានករណីយុវជនម្នាក់បែកថ្នាំចូលទៅអុកឡុកក្នុងពិធិបើកសម្ភោធការដ្ឋានមួយខ្សែ ខណៈដែលមានលោក នុត ពុធដារ៉ា រួមនិងមន្ត្រីសាលាខណ្ឌដង្កោ កំពុងតែសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ភ្លាមៗនោះដែរក៏មានកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ដង្កោបានចុះទៅអន្តរាគមន៏និងដឹកយុវជននេះយកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោតែម្តង។បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយុវជន រួចក៏មានក្រុមគ្រួសារសាច់ញាតិ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ពួកគាត់មានការសោកស្តាយយ៉ាងខ្លាំងដោយប្អូនពួកគាត់ម្នាក់នេះផុងខ្លួនក្លាយទៅជាអ្នកញៀនថ្នាំជាច្រើនឆ្នាំមកហើយ ដែលអ្នកផ្ទះប្រដៅលែងស្តាប់ទៅហើយពួកគាត់បានបន្តទៀតថាប្អូនគាត់ម្នាក់តែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារហើយយកម៉ូតូបងប្អូនរបស់គាត់ទៅលក់ទៅបញ្ចាំអស់ជាច្រើនដើម្បីយកលុយទៅទិញថ្នាំញៀនជក់។
ក្រោយពីបានស្តាប់ការរៀបរាប់ពីក្រុមគ្រួសាររបស់យុវជនរងគ្រោះដោយសារថ្នាំញៀនរួចហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោបានធ្វើឯកសារបញ្ជូនយុវជនបែកថ្នាំខាងលើនេះទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដឹកយកទៅបន្សាបគ្រឿងញៀនដើម្បីឲ្យក្លាយជាពលរដ្ឋនិងអនាគតល្អឡើងវិញ៕
មតិយោបល់