ព័ត៌មានជាតិ

ជិះម៉ូតូចេញពីចាក់សាំងឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបម៉ាក KIA បុកបណ្តាលឲ្យរបួសយ៉ាងដំណំ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ បុរសជាជាងសំណង់ចំនួន ២នាក់ បានរងរបួសបាក់ជើងខាងឆ្វេងម្នាក់ម្ខាងជាច្រើនកំណាត់ ដោយរយះសាច់ចេញឈាមយ៉ាងរន្ធត់ ខណៈដែលពួកគាត់ទាំង ២នាក់ បានជិះម៉ូតូ ចេញពីចាក់សាំង ហើយព្យាយាមបើកឆ្លងផ្លូវ ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាក KIA មួយគ្រឿង បើកមកពីមុខបុកពេញទំហឹង រួចអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីល្ងាចថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ ត្រង់ចំណុចខាងមុខសួនផ្កាយីហោ គៀន ទៅផ្លូវជាតិលេខ ១ ភូមិបឹងឈូក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីសមកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាកម្មករសំណង់ រងគ្រោះទាំង ២នាក់ បានជិះម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹលប៊ិច ពាក់ស្លាកលេខភ្នំពេញ ១N-៣២៩៣ មួយគ្រឿងចេញពីកន្លែងចាក់សាំង មួយកន្លែង ដែលនៅក្បែរនោះ ក្នុងទិសដៅពីលិចទៅកើត បានម៉ូតូឆ្លងផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AH- ០៤១៤ មួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច ទៅបុកពេញទំហឹង បណ្តាលឲ្យបុរសទាំង ២នាក់បាក់ ជើងខាងឆ្វេងម្នាក់ម្ខាង រយះសាច់ចេញឈាម រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ចំណែកឯអ្នកបើកររថយន្តវិញ បានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ បុរសជាជនរងគ្រោះទាំង ២នាក់ ត្រូវបានរថយន្តសាមុយ មកដឹយកទៅសង្រ្គោះ រីឯរថយន្ត និង ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីរង់ចាំធ្វើការដោះស្រាយជាបន្តទៅទៀត៕

មតិយោបល់