ភ្នំពេញៈ បន្ទាប់ពីមានភ្លៀវមួយមេធំរួចមក ក៏មានរថយន្ត២គ្រឿងបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ២កន្លែងខុសគ្នា នៅក្នុងពេលតែមួយបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
ដោយករណីទី១បានកើតឡើងនៅត្រង់ចំណុចស្តុប ខាងមុខក្លោងទ្វារផ្សារទួលគោក តាមបណ្ដោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បង្កឡើងដោយបុរសវ័យចំណាស់ម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ្វត់រ៉េនជ័រ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0855 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានជ្រុលចង្កូតទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចអស់២ផ្ទាំង។ ចំណែកឯរថយន្តបង្ករងការខូចខាតកំពិតផ្នែកខាងមុខយ៉ាង។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានព្យាយាមរយែររថយន្តថយមកក្រោយបម្រុងបើករត់គេចខ្លួន តែដោយសាររថយន្តខាងលើរងការខូចខាតមិនអាចបើកបាន អ្នកបើកបររូបនោះក៏បានទាក់ហៅគ្នីគ្នាឲ្យមកយក។ ហើយក្រោយក៏មានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក MINI COOPER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AL-8191 មកដឹកអ្នកបើកបររថយន្តបង្កខាងលើចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ចំណែកឯករណីទី២ បានកើតឡើងនៅត្រង់ចំណុចស្តុបរត្ឋណាស្រីម៉ៅ តាមបណ្ដោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ដោយមានយុវជនម្នាក់ស្រវឹងជោកជាំបើកបររថយន្តគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-0348 ដោយបើកតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានរេចង្កូតជ្រុលទៅបុក និងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចអស់មួយផ្ទាំង ចំណែកឯរថយន្តបង្កបានរងការខូចខាតកំពិតថ្ពាល់និងបែកកង់ផ្នែកខាងមុខចំហៀងខាងឆ្វេង។ ភ្លាមៗនោះរថយន្តបង្កខាងលើបានព្យាយាមបើករត់គេចខ្លួនទាំងបែកកង់ទៅខាងមុខបន្តទៀត ហើយខណៈពេលដែលបើករត់គេចបានប្រមាណ៥០០ម៉ែត្រពីកន្លែងកើតហេតុ។ ស្រាប់តែកង់មុខរបស់រថយន្តបង្កដែលបែកនោះ បានដាច់ក្រឡេចេញមកខាងក្រោយ ធ្វើឲ្យរថយន្តបង្កបើកទៅមុខលែងរួច បន្ទាប់មកអ្នកបើកបររថយន្តបង្កខាងលើក៏បានចុះពីលើរថយន្តរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តដែលរងការខូចខាតនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុរថយន្តបង្កទាំង២គ្រឿងខាងលើត្រូវបានសមត្ថកិច្ចជំនាញបានចុះមកធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់