អ្នកនាង កូវ ច័ន្ទសុវណ្ណារិទ្ធិ ដែលអ្នកសិល្បៈស្គាល់ថា បងភាពៗ ត្រូវគេស្គាល់ជាយូរមកហើយថា ជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យម្នាក់ ដោយអ្នកនាងកាន់តែមានការចាប់អារម្មណ៍ថែមទៀតបន្ទាប់ពីអ្នកនាងបានបង្ហាញខ្លួនថតស្ពតសិប្បកម្មវ៉ារី ដែលជាអាជីវកម្មផ្ទាល់របស់អ្នកនាង។
ការសម្ដែងមួយស្ពតដែលអ្នកនាងបង្ហាញឡើង មិនត្រឹមតែមានការទទួលស្គាល់ថាមានទេពកោសល្យមិនចាញ់តារាសម្ដែងអាជីពប៉ុណ្ណោះទេ ប៉ុន្តែក៏មានដំណឹងថាមានផលិតករច្រើននាក់ទទូចអោយអ្នកនាងចូលសម្ដែងផងដែរ តែអ្នកនាងបែរជាប្រកាសថាមិនទទួល។
អ្នកនាង កូវ ច័ន្ទសុវណ្ណារិទ្ធិ ហៅភាព ថ្លែងក្នុងពិធីខួបកំណើតរបស់កវីនិពន្ធហង្សមាស លោក ទ្រី សក្កាដា កាលពីថ្ងៃទី១៩ តុលា ថា អ្នកនាងមានចំណូលចិត្តខាងផ្នែកសម្ដែង និងចូលចិត្តសិល្បៈមិនចាញ់តារាមួយចំនួននោះទេ ទើបអ្នកនាងសម្រេចចិត្តចូលសម្ដែងក្នុងស្ពតសិប្បកម្មវ៉ារី ដោយតែងតួជានារីបែបស្រគត់ស្រគំ បន្ទាប់ពីអ្នកនាងសចម្រេចចិត្តបោះទុនច្រើនម៉ឺនធ្វើជំនួញលើសិប្បកម្មទឹកម្ទេសដែលជាស្នាដៃរបស់ខ្មែរ។
អ្នកនាងថាផលិតករច្រើននាក់ បានទទូចអោយអ្នកនាងជួយសម្ដែងក្នុងឈុតខារ៉ាអូខេ និងភាពយន្ត ក្រោយពេលអ្នកនាងបង្ហាញក្នុងស្ពតវ៉ារី ប៉ុន្តែអ្នកនាងមិនដែលទទួលនោះទេ ដោយអ្នកនាងប្រកាសថាមិនចង់បានទីផ្សារសម្ដែង ក្រៅពីថតផ្សាយក្នុងស្ពតរបស់ខ្លួននោះទេ បើទោះជាអ្នកនាងចូលចិត្តសិល្បៈ។ អ្នកនាងថាខ្លួនក៏ចង់បន្សល់ទុកនូវការសម្ដែងមួយក្នុងវិស័យភាពយន្តផងដែរ តែបណ្ដាលមកពីអ្នកនាងយល់ថាខ្លួនមិនមានពេលគ្រប់គ្រាន់ ទី២យល់ថាការសម្ដែងភាពយន្តគឺអាចខុសគ្នាដាច់ឆ្ងាយពីការសម្ដែងក្នុងស្ពត ទើបអ្នកនាងមិនចង់ទទួល។
អ្នកនាង ភាព បន្តថា សព្វថ្ងៃអ្នកនាងមានជំនួញក្នុងដៃច្រើនគួរសមក្នុងដៃ ដោយក្រៅពីសិប្បកម្មវ៉ារី ក៏មានអាជីវកម្មបើកភោជនីយដ្ឋាន«រស្មីសាច់អាំង»នៅខាងក្រោយសាលាបឋមសិក្សាទួលគោក ដែលធ្វើអោយអ្នកនាងរកពេលដកខ្លួនមិនរួចនោះដែរ។
យ៉ាងណាមិញ អ្នកនាងថាខ្លួននឹងបង្ហាញសមត្ថភាពសម្ដែងក្នុងស្ពតទី២ក្នុងពេលឆាប់ៗ ដោយក្នុងស្ពតសិប្បកម្មវ៉ារីថ្មីនោះ គឺអ្នកនាងនឹងតែងតួជាទម្រង់បែបសម័យវិញម្ដង។ អ្នកនាងថានៅក្នុងស្ពតនោះ អ្នកនាងមិនត្រឹមតែសម្ដែងនោះទេ ប៉ុន្តែក៏ជាអ្នកនិពន្ធសាច់រឿង និងដឹកនាំសម្ដែងផងដែរ ទើបអ្នកនាងយល់ថាមិនមែនជារឿងលំបាកនោះទេ បើទោះជាអ្នកនាងមិនមែនជាអ្នកសិល្បៈកាលពីមុន ហើយស្រាប់តែមកសម្ដែងក្នុងស្ពត។ អ្នកនាងប្រកាសថាចង់បោះទុនបើក ផលិតកម្មថតកុន និងទទួលថតស្ពតមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែបណ្ដាលមកពីអ្នកនាងរវល់នឹងការងារមុខជំនួញពិបាកដកឃ្លា ទើបអ្នកនាងមិនទាន់ពិចារណា៕
មតិយោបល់