ព័ត៌មានជាតិ

រថយន្តឡិចស៊ីស៤៧០ ស្លាកលេខ ភ្នំពេញ 2AG-9459 ពន្លះបង្គោលភ្លើងបាក់១ដើម!

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងរវល់ឱនយកទូរសព្ទ ស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើងបាក់១ដើម រថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ស្ថិត​តាមបណ្ដោយផ្លូវ៣៧១សឡា ចំណុចផ្ទះសំណាក់ខេធូ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-9459 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើដោយផ្លូវកោងផងនោះ រវល់តែឱនយកទូរសព្ទ បណ្ដាលឲ្យរថយន្តរេចង្កូតមកខាងស្ដាំជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យបាក់ចំពាក់កណ្ដាល។ ចំណែករថយន្តបង្កខ្ទេចខាងមុខយ៉ាងដំណំតែសំណាងល្អមិនមានអ្នករបួស​។

ក្រោយ​ហេតុ​ការណ៍ម្ចាស់រថយន្តបើកឡើងជិះកង់បីឥណ្ឌាគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៌ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់