ភ្នំពេញៈ បុរសម្នាក់ជាមន្ត្រីនគរបាលផ្នែកខាងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដកកាំភ្លើងខ្លីមួយដើម វាយទៅលើបុរសម្នាក់ទៀតបណ្តាលឲ្យបែកក្បាល បន្ទាប់ពីជិះម៉ូតូប៉ះពៀរគ្នាបន្តិចបន្តួច បង្កជាការភ្ញាក់ផ្អើលកើតមានឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើងផ្សារហេងលីប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ហេង ទិក ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ ដោយឡែកជនបង្កមានវ័យជាង៥០ឆ្នាំ មិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជាមន្ត្រីនគរបាលខាងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនបង្កបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមានម៉ូតូបើកដេញតាមពីក្រោយមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FI-3685 ដែលបើកបរដោយបុរសជាជនរងគ្រោះ និងម៉ូតូមានសភាពបែកកាបាំងផ្នែកខាងស្តាំ។ ដោយពីទាំងពីគ្រឿងបានបើកប្រដេញគ្នាតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅមកពីស្ពានអាកាស៧មករាឆ្ពោះឡើងទៅស្តុបណូគា លុះមកដល់ចំណុចកើតហេតុពីទាំងគ្រឿងក៏បានឈប់ ចុះនិយាយគ្នាយ៉ាងតឹងសរសៃករៀងៗខ្លួន។ បន្ទាប់មកស្រាប់តែជនបង្កបានដកកាំភ្លើងខ្លីមួយដើមម៉ាក K54 ចេញពីចង្កេះរួចវាយទៅលើក្បាលរបស់ជនរងគ្រោះបណ្តាលឲ្យបែកឈាមហូរស្រោចខ្លួន ហើយក៏កើតជាការប្រតាយប្រតប់គ្នាឡើង។ មួយសន្ទុះក្រោយមកក៏ស្រាប់តែជនបង្កបានដកលុយចំនួន២០០ដុល្លារឲ្យទៅជនរងគ្រោះ រួចក៏ឡើងម៉ូតូជិះចេញទៅផ្ទះរបស់ខ្លួនដែលនៅត្រង់ចំណុចផ្ទះអត់លេខ ផ្លូវ៣៧១សុលា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ តែភ្លាមនោះក៏មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅធ្វើការឃាត់ខ្លួនជនបង្កដល់ផ្ទះរបស់ភ្លាមៗ រួចនាំយកទៅសាកសួរនាំនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។
បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចខាងក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ស្រាប់តែជនបង្កបានជិះម៉ូតូមួយគ្រឿងទៀតមកបុកម៉ូតូរបស់គាត់បណ្តាលឲ្យដួលរងការខូចខាតបែកកាបាំង។ ភ្លាមនោះជនបង្កខាងលើមិនបានឈប់ដើម្បីធ្វើការដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើកម៉ូតូរត់គេចខ្លួន ហើយគាត់ក៏បានលើម៉ូតូជិះដេញតាមពីក្រោយរហូតមកចំណុចកើតហេតុខាងលើ ទើបជនបង្ករូបនោះព្រមឈប់ម៉ូតូ។ បន្ទាប់មកគាត់ក៏បាននិយាយសម្របសម្រួលគ្នាដើម្បីឲ្យជនបង្កចេញសំណងថ្លៃការខូចខាតមកឲ្យរូបគាត់ តែពេលនោះស្រាប់តែជនបង្កបានដកកាំភ្លើងខ្លីមកវាយក្បាលរូបគាត់បណ្តាលឲ្យបែក និងបម្រុងបាញ់រូបគាត់ថែមទៀតផង។ ហើយភ្លាមនោះគាត់ក៏ស្រវេស្រវាចាប់កាំភ្លើង រួចមួយសន្ទុះក្រោយមកជនបង្កក៏បានដកលុយចំនួន២០០ដុល្លារមកឲ្យគាត់ ហើយក៏ជិះម៉ូតូចេញទៅបាត់។
បច្ចុប្បន្នជនរងគ្រោះនិងជនបង្កត្រូវរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ននៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើដោះស្រាយនិងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់