ព័ត៌មានជាតិ

​ស្លាប់ម្នាក់របួសធ្ងន់០២នាក់ ក្នុងករណីរថយន្តដឹកឥដ្ឋបុកជាមួយរថយន្តធុនធំ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានបាត់បង់ជីវិត និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តកូរ៉េ(រថយន្តច្នៃ)ដឹកឥដ្ឋ បុកជាមួយរថយន្តធុនធំ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយថ្លឹងរថយន្តកូនដំរី ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា​ ៖ ​ជនរងគ្រោះអ្នកបើកបររថយន្តកូរ៉េ(កែច្នៃ)ដឹកឥដ្ឋ ដែលស្លាប់ឈ្មោះ ផៃ ភេទប្រុស(ក្តាប់អាយុមិនបាន) និងអ្នករួមដំណើរចំនួន០២នាក់រងរបួសធ្ងន់ មានឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ប្រុស អាយុ៣១ឆ្នាំ ភេទប្រុស អ្នកទាំង៣នាក់ខាងលើ រស់នៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ប្រភពដដែលបានបញ្ជាក់ថា ៖ តាមការស្រាវជ្រាវ នៅមុនពេលកើតហេតុរថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ បានធ្វើដំណើរទិសដៅពីខាងកើតទៅលិច ពេលដល់កន្លែងកើតហេតុចំណុចស្ថានីយថ្លឹងរថយន្តកូនដំរី ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត មានរថយន្តធុនធំ ម៉ាកហីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3939 បើកចេញពីស្ថានីយថ្លឹងរថយន្តរួចបានបត់ទៅលិច បណ្តាលឲ្យរថយន្តកូរ៉េច្នៃដឹកឥដ្ឋបុកពេញទំហឹង បណ្តាលឲ្យស្លាប់អ្នកបើកបររថយន្តកូរ៉េច្នៃដឹកឥដ្ឋភ្លាមៗនៅនឹងន្លែង និងរបួសអ្នករួមដំណើរ០២នាក់ទៀតធ្ងន់ ចំណែកអ្នកបើកបរថយន្តធុនធំក្រោយពីបង្កហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ។ជនរងគ្រោះរបួសធ្ងន់ទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។

នគរបាលបានបញ្ជាក់ថា ៖ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តធុនធំក្រោយពីធ្វើការថ្លឹងរួចហើយចេញពីស្ថានីយថ្លឹងបត់ប្តូរទិសមិនគោរពសិទ្ធអាទិភាព ចំណែរថយន្តកូរ៉េដឹកឥដ្ឋបើកបរលឿន ពេលជួបហេតុការណ៍ស្លន់ស្មារតីមិនបានជាន់ហ្រ្វាំងបុករថយន្តពេញទំហឹងរថយន្តខូចធ្ងន់ទាំង០២គ្រឿង ត្រូវបាននគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

មតិយោបល់