ព័ត៌មានជាតិ

​​Update​៖​ចោរជិះម៉ូតូដើរលួចលុយតាមផ្ទះពលរដ្ឋ ម្ចាស់ទាន់ស្រែកដេញចាប់បានម្នាក់ ប្រជាពលរដ្ធវាយរបួសធ្ងន់ បានស្លាប់ហើយ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ខ្លួនបាន វាយទ្រមខ្លួនទើប​ប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមជនសង្ស័យខាងលើនាំគ្នាជិះម៉ូតូតាំងពីស្ទឹងមានជ័យ ទៅចូលលួចលុយនៅក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយសារសភាពរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក​បានស្លាប់ នៅព្រឹកថ្ងៃទី២៧ តុលា ២០១៨ នេះ ខណៈដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ ចែម រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ដើរលួច ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ញ៉ូវ ភទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា បានរត់គេចខ្លួនបាត់រីឯជនរងគ្រោះឈ្មោះ កយ តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលក្រុមគ្រួសារ កំពុងលង់លក់ក្នុងដំណេក ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសម្លេង កំប៉ុងធ្លាក់ប្រាវ ទើបភ្ញាក់ដឹងខ្លួន ស្រាប់តែឃើញជនសង្ស័យម្នាក់ស្ទុះរត់ចេញពីក្នុងផ្ទះ ឡើងជិះម៉ូតូ បក្ខពួកដែលឈប់រង់ចាំខាងមុខស្រាប់ បើករត់គេច ទើបស្រែកឆោឡោផ្អើលអ្នកភូមិ ចេញមកស្ទាក់តាមផ្លូវ ធ្វើឲ្យជនសង្ស័យភ័យ បើកទៅបុកពលរដ្ឋម្នាក់ ធ្លាក់ជនសង្ស័យម្នាក់ខាងលើ ទើបពលរដ្ឋស្រវាចាប់បាន ចំណែកជនសង្ស័យម្នាក់ទៀត ជាបក្ខពួក លើកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើករត់គេចខ្លួនបាត់ ។

ជនសង្ស័យម្នាក់ចាប់ខ្លួនបាន ជាអ្នកគាស់ទ្វារផ្ទះចូលលួចលុយ សម្ភារៈ ហើយរបស់ទ្រព្យទាំងនោះ ត្រូវបានម្ចាស់យកវិញ លុយជាង១ពាន់ដុល្លារ ប្រាក់រៀលជាង៧ម៉ឺនរៀល ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបានពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួជើងរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី ប៉ុន្តែដោយសារការវាយតប់ខ្លាំងពេកបណ្តាលអោយគ្រាំក្នុងខ្លាំងពេក ហើយបានស្លាប់ ខណៈដឹកជនសង្ស័យ ទៅសង្គ្រោះ នៅមន្ទីរពេទ្យ បន្ទាប់មកបានដឹកតាមរថយន្តសាម៊ុយ ត្រឡប់មកវិញ យកទៅពិនិត្យកោសល្យ វិច័យនៅវត្តពោធិ៍ចិនតុង​៕

មតិយោបល់