ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-6157 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវទៅកើត បំណងត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ឃើញរថយន្តបើកមកពីមុខ បន្ថែមល្បឿនគេចឲ្យផុត តែជ្រុលទៅបុកកន្ទុយម៉ូតូ ម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-2720 ជិះដោយស្រ្តី២នាក់ ជាកម្មការនីរោងចក្រ មានទីលំនៅ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ កំពុងធ្វើដំណើរលើផ្លូវអថិភាព ពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងសងខាង រងរបួសធ្ងន់ ឈាមដាបពេញផ្លូវ ចំណែកស្រ្តីម្នាក់ទៀតរងរបួសស្រាល រីឯម៉ូតូ រងខូចខាត បាក់វៀចកង់មុខ និងដាច់កន្ទុយក្រោយ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ប្រុសម្នាក់ ស្រី២នាក់ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ដោយឡែកម៉ូតូ ទាំង២គ្រឿង នគរបាលជំនាញចុះទៅពិនិត្យ វាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់