ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល​ រកឃើញ​​​ទឹកក្រូច​BigCola ទឹកដោះគោ ​និងទឹកផ្លែឈើ ​ខូចគុណភាព នៅលើទីផ្សារ​ក្នុងខេត្តឧត្ដរមានជ័យ!​

​ឧត្ដរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្ដឧត្ដរមានជ័យ ដោយទទួលបានការសហការពីមន្ដ្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្ទះលក់គ្រឿងឧបភោគបរិភោគ និងគ្រឿងភេសជ្ជៈស្ថិតនៅផ្សារចំនួន២គឺ ផ្សារដីក្រហម និងផ្សារទំនប់ខ្នុរ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់។

ជាក់ស្ដែងមន្ដ្រីជំនាញបានដកហូត ទឹកដោះគោក្មេង ២៤ដប ទឹកផ្លែឈើ ២៧ដប និងទឹកក្រូច BigCola ១២០ដបតូច យកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ បន្ទាប់មកមន្រ្ដីយើងបានធ្វើការណែនាំ អំពីផលប៉ះពាល់លើគុណភាពទំនិញ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ។

ទន្ទឹមនឹងនេះដែរមន្ដ្រីជំនាញបានចែក Posters ជូនអាជីវករដើម្បីឲ្យពួកគាត់យល់ដឹង និងមានការប្រុងប្រយ័ត្នអំពីរបៀបជ្រើសរើសផលិតផលយកមកបរិភោគ និងចែកចាយបន្តជៀសវាងប៉ះពាល់ដល់សុខភាព៕

មតិយោបល់