ព័ត៌មានជាតិ

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនយុវជន២នាក់ រួមនិងថ្នាំញៀន

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនយុវជន២នាក់ ដែលបានជិះម៉ូតូមួយគ្រឿង ឆ្លងកាត់គោលដៅ ដោយដកហូតបានថ្នាំញៀន១កញ្ចប់តូច កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១ មានឈ្មោះយួ ទី ភេទប្រុស អាយុ១៧ មុខរបរធ្វើការខាងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា នៅខណ្ឌសែនសុខ ស្នាក់កន្លែងធ្វើការ មានស្រុកកំណើត ភូមិដោកលក្ខណ៍ ឃុំយី​អង្ក​ ស្រុកស្ពង ខេត្តកំពង់ស្ពឺ និងទី២ មានឈ្មោះ ផល្លី​ អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅ និងមានស្រុកកំណើតភូមិឃុំជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុននិងធ្វើការឃាត់ខ្លួនយុវជនទាំ២នាក់ កម្លាំងបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចកើតហេតុខាងលើ ខណៈនោះក៏មានយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសុយស៊ូគីនីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CP-9040 ឆ្លងកាត់គោលដៅ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ និងបានឆេកឆេរទៅលើខ្លួនពួកគេ បានឃើញថ្នាំញៀន១កញ្ចប់តូច ទើបកម្លាំងធ្វើការឃាត់ខ្លួន នៅនិងកន្លែងភ្លាមៗ។

បច្ចុប្បន្ន យុវជនទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន មកអធិការដ្ឋនគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់