ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកម្នាក់ បានបើករថយន្តមួយគ្រឿង រេចង្កូតទៅបុករះម៉ូតូពីរគ្រឿង និងដើមឈើ១ដើម រួចបន្តទៅបុករថយន្តពីរគ្រឿងទៀត ដែលចតស្រៀមនៅមុចក្រុមហ៊ុន ខេហ្វរ បណ្តាលឲ្យបុរស៣នាក់រងរបួសធ្ងន់ស្រាល ហើយព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋចាប់បានមកវិញ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២-៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវមុនីវង្ស កែងនិងផ្លូវ១៨០ មុខក្រុមហ៊ុន ខេហ្វរ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសបីនាក់ បានជិះម៉ូតូពីរគ្រឿង១គ្រឿង ម៉ាកMSX ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FX-4100 និង១គ្រឿងទៀតម៉ាកធូដេ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FQ-3345 បានធ្វើដំណើរតាមបណ្តោយផ្លូវ១៨០ ទិសដៅពីកើតទៅលិច លុះមកដលចំណុចកើតហេតុ កែងនិងផ្លូវមុនីវង្ស បានបត់ឆ្វេងដៃបញ្ច្រាសផ្លូវចរាចរណ៍ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-3982 បើកបរដោយបុរសស្រវឹងស្រាម្នាក់ តាមបណ្តោយផ្លូវមុនីវង្ស ទិសដៅពីត្បូងទៅជើង បានរេចង្កូតបុករះម៉ូតូពីរគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ហើយរថយន្តបង្ក ក៏បន្តទៅបុកដើមឈើ១ដើមរលើងទាំងគល់ បាក់រាបដល់ដី រួចបន្តទៅបុករថយន្ត២គ្រឿងទៀត មួយគ្រឿងម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-4111 និងមួយគ្រឿងទៀត ម៉ាកលុចស៊ីសRX៣០០ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AR-1503 ដែលចតស្រៀមនៅមុខក្រុមហ៊ុន ខេហ្វ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កមិនបានឈប់ដោះស្រាយគ្នាទេ បានបន្ថែមល្បឿនបើករត់ មកដល់ចំណតរថយន្តក្នុងផ្សារសូរិយ៉ាម៉ល ត្រូវប្រជាពលរដ្ឋឃើញហេតុនេះ បាននាំគ្នាដេញតាមចាប់ភ្លាមៗ រួចបានប្រគល់ទាំងរថយន្ត និងម្ចាស់ជូនទៅសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនមកប៉ុស្តិ៍នគរបាលសង្កាត់បឹងរាំងផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ម្ចាស់រថយន្តបង្ក ជូនទៅសមត្ថកិច្ចជំនាញ រួចបានធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕
មតិយោបល់