ព័ត៌មានជាតិ

​អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមចោរឆក់ដោយគ្មានបណ្តឹង!

ភ្នំពេញៈ ថ្មីៗនេះមានករណីឆក់កាបូបមួយកើតឡើង បណ្តាលឲ្យស្ត្រីម្នាក់ដួលម៉ូតូ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ០៦និង២០នាទី នៅចំណុចផ្លូវជាតិលេខ6A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថទេ តែ៤ថ្ងៃក្រោយមក អាវុធហត្ថរាជធានីភ្នំពេញ បានឃើញព័ត៌មានស្តីពីករណីឆក់កាបូបខាងលើតាមរយៈបណ្តាញសង្គមហ្វេសប៊ុក អាវុធហត្ថ ក៏ចាត់វិធានការណ៍ស្រាវជ្រាវជាបន្ទាន់តាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានឈ្មោះ សុខ ពន្លឺ , ឈ្មោះ រស់ សែនវាសនា ហៅ មិត្ត និង ឈ្មោះ នួន រស្មី ហៅ តុង នៅចំណុច ភូមិបាក់ខែង និង ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថជនសង្ស័យទាំង០៣នាក់ព្រមសារភាពថា ពួកគេគឺពិតជាបានធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះខាងលើពិតប្រាកដមែន ដោយនៅថ្ងៃកើតហេតុពួកគេបានធ្វើសកម្មភាពតែ០៤នាក់ប៉ុណ្ណោះ តែរយៈកាលកន្លងមកក្រុមពួកគេមានគ្នា០៦នាក់ តែងចេញធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទលើដងផ្លូវ គ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចជាតាមបណ្តោយផ្លូវជាតិលេខ6A តំបន់ព្រែកលាប, តំបន់ផ្លូវលីយ៉ុងផាត់, តំបន់វត្តក្តីចាស់, ផ្លូវសហព័ន្ធរុស្សី តំបន់ស្ពានអាកាស៧មករា, តំបន់ក្រោមស្ពានជ្រោចង្វារ, តំបន់ផ្សារកណ្តាល ខណ្ឌដូនពេញ និង តំបន់ផ្សេងៗទៀត ដែលពួកគេបានជិះឆ្លងកាត់ឃើញស្ថានភាពផ្លូវស្ងាត់ និងមានជនរងគ្រោះធ្វេសប្រហែស។ បច្ចុប្បន្នក្រៅពីក្រុមចោរទាំង០៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ក៏នៅមានបក្ខពួកចោរ០៣នាក់ផ្សេងទៀតបានរត់គេចផងដែរ ក្នុងនោះមានឈ្មោះ សោម ពេជ្រ ហៅ ពេជ្រខ្មោច , ឈ្មោះ ពេជ្រ ហៅ ពេជ្រតូច និង ឈ្មោះ រិទ្ធ ហៅ លឹប។ ដោយឡែកឈ្មោះ សោម ពេជ្រ ហៅ ពេជ្រខ្មោច ក៏ធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅផ្តន្ទាទោសម្តងរួចហើយ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីឆក់កាបូបជនបរទេស នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពេលស៊ើបអង្កេតនិងស្តាប់ចម្លើយជនសង្ស័យអស់ពេល៤៨ម៉ោង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានស្វែងជនរងគ្រោះដែលត្រូវបានក្រុមចោរទាំងនេះ ឆក់កាបូបបណ្តាលឲ្យដួលម៉ូតូកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មកដាក់ពាក្យបណ្តឹងបំពេញនិតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសក្រុមចោរទាំងនេះតាមច្បាប់ និងសូមអំពាវនាវដល់មហាជន ប្រសិនបានឃើញឬស្គាល់ជនសង្ស័យទាំង០៣នាក់ដែលរត់គេចខ្លួនខាងលើ សូមជួយផ្តល់ដំណឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ 017 81 81 71 ឬសមត្ថកិច្ចដែលនៅជិតលោកអ្នក ដោយសមត្ថកិច្ចធានារក្សាការសម្ងាត់ជូន៕

មតិយោបល់