ភ្នំពេញៈ បុរសម្នាក់ស្រវឹស្រាជោកជាំ បើករថយន្តឡិចស៊ីស៥៧០មួយគ្រឿង បុករះរថយន្ត៣គ្រឿង ដែលចតស្ងៀមនៅមុខខារ៉ាអូនខេនិងផ្ទះសំណាក់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបម្រុងបើករត់ ត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ថយន្តរងគ្រោះចាប់បានរួចស្រែកឡូឡា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុចោមរោមមើលយ៉ាងច្រើន កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះសំណាក់ ចិនតុង បុរីកីឡា តាមបណ្តោយផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តឡិចស៊ីស LX៥៧០ ពណ៌ត្រីអ៊ី មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 01-29905 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើត បានរេចង្កូតទៅបុកម៉ាកសឺដេសមួយមួយគ្រឿងមិនចាំស្លាកលេខ ម្ចាស់ចតស្ងៀមមុខខារ៉ាអូខេអ៊េន ជេល ស្របទិសដៅគ្នាបណ្តាលឲ្យរងការខូចខាតតិចតួចរួចម្ចាស់រថយន្តបង្កបានសម្របសម្រួលគ្នាចេញសំណងចំនួន៥០ដើម្បីបញ្ចប់រឿង។ បន្ទាប់ម្ចាស់រថយន្តបង្កបានបើកបន្ត ទៅបុករថយន្ត២គ្រឿងទៀតម្ចាស់ចតនៅមុខផ្ទះសំណាក់ចិន តុងបណ្តាលឲ្យរថយន្ត មួយគ្រឿង ម៉ាកកាមរីហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1909 ខូចខាតផ្នែកខាងក្រោយយ៉ាងដំណំនិងមួយគ្រឿងទៀតម៉ាកតូយ៉ូតាវីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-0111 ខូចខាតផ្នែកខាងក្រោយតិចតួចរួចមករថយន្តបង្កបម្រុងបើករត់តែត្រូវបានប្រជាពលរដ្ឋនិងម្ចាស់រថយន្តរងគ្រោះឃើញហេតុការនេះបាននាំគ្នាឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។
ប្រភពដដែលបានបន្តទៀតថាបន្ទាប់ពីបានប្រជាពលរដ្ឋនិងម្ចាស់រថយន្តរងគ្រោះឃាត់ខ្លួនម្ចាស់រថយន្តបង្កជូនទៅ សមត្ថកិច្ចរួចហើយ ម្ចាស់រថយន្តបង្កបានស្រែកឡូឡានិងបានប្រើសម្ដីអសុរស ទៅលើសមត្ថកិច្ចក៏ដូចម្ចាស់រថយន្តរងគ្រោះដោយបាននិយាយថាអស់ប៉ុន្មានអញចេញសង នេះដោយសារអំណាចសុរាធ្វើឲ្យម្ចាស់រថយន្តបង្កនិយាយលែងដឹងខុសត្រូវ។ ក្រោយមកម្ចាស់រថយន្តបង្ក ព្រមទទួលកំហុសឯងខ្លួនផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប្រគល់ខ្លួនម្ចាស់រថយន្តទៅឲ្យសមត្ថកិច្ចជំនាញរួចធ្វើការវាស់វែងយកទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់