ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់។
លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្នុងប្រតិបត្តិការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់ ដែលពាក់ព័ន្ធការរកស៊ីពពោះជំនួសនេះ មានប្រុស២នាក់ និងស្រី១៣នាក់។
បើតាមលោកនាយរងការិយាល័យ, ក្នុងចំណោមមនុស្សស្រីទាំង១៣នាក់នោះ មានមនុស្ស១១នាក់ កំពុងតែមានផ្ទៃពោះ ដែលជាអ្នករកស៊ីពពោះជំនួសផ្ទាល់តែម្ដង ហើយ២នាក់ផ្សេងទៀត ជាចុងភៅ។
ដោយឡែក សម្រាប់ការពពោះនេះ ហើយត្រូវលក់បន្ដទៅឲ្យជនបរទេស ឬជនណានោះ លោក ទូច សារ៉េន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថាមនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់។
គួរជម្រាបថា ចំពោះករណីពពោះជំនួសនេះនៅកម្ពុជា ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ កំពុងតែធ្វើការចងក្រងច្បាប់ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ផងដែរ៕
មតិយោបល់