ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់បាក់ជើង២កំណាត់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​បាក់ឆ្អឹង​ជើង២កំណាត់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១១០ស្ថិតនៅក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូទាំងសងខាងមានឈ្មោះ សុន ថន ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរកសិករ ស្នាក់នៅភូមិព្រែកតាហង់ ឃុំកំពង់កុង ស្រុកកោះធំ បើកបរម៉ូតូម៉ាកហុងដាសេ៧០ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្ដាល​ 1K-2094 និង ស្ត្រីជាប្រពន្ធដែលរួម​ដំណើរនៅខាង​ក្រោយមាន​ឈ្មោះ ថុន សុខា អាយុ២៦ ឆ្នាំមុខរបរកសិករ ស្នាក់នៅជាមួយគ្នា រងរបួស បាក់ជើងស្ដាំ យកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកកោះធំ ។ និងអ្នក​បើក​ម៉ូតូមួយគ្រឿងទៀតឈ្មោះ សុខ ដើ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅភូមិលេខ៥ ឃុំភូហ៊ូ ​ស្រុក​អាភូ ខេត្តអាងយ៉ាង ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកហុងដាសេ៧០ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្ដាល 1K-2094 បើកបរដោយបុរសម្នាក់ជិះឌុបប្រពន្ធនៅខាងក្រោយដោយមិនគោរពច្បាប់ចរាចរណ៍ដោយមិនប្រកាន់ស្តាំ លុះបានមកដល់​ចំណុច​កើតហេតុបានបើកមកបុកជាមួយនឹងម៉ូតូហុងដាវ៉េវសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល 1P-8107បើកបរដោយបុរស​​ម្នាក់ ក្នុងទិសដៅ​បញ្រ្ចាសគ្នា បណ្តាលឲ្យស្ត្រីដែលជាអង្គុយនៅខាងក្រោយបោកជាមួយនឹងកាងឈើដឹកថ្នាំកសិកម្មដែលនៅជាប់នឹង​ម៉ូតូហុងដាសេ១០០​បណ្តាលឲ្យ​បាក់​ឆ្អឹងជើងខាងស្តាំរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពីហេតុការណ៍នេះបានកើតឡើងនគរបាលចរាចរណ៍ សហការជាមួយនឹងនគរបាលប៉ុស្តិ៍រដ្ឋបាលចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់​វែងនិងបាននាំយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរ

គ្រោះថ្នាក់ចរាចរ

គ្រោះថ្នាក់ចរាចរ

គ្រោះថ្នាក់ចរាចរ

គ្រោះថ្នាក់ចរាចរ

គ្រោះថ្នាក់ចរាចរ

មតិយោបល់