(សៀមរាប)៖កម្លាំងគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបផ្នែកច្រកអ្នកដំណើរស្ទាក់ចាប់បានទូរស័ព្ទស្មាតហ្វូនប្រភេទ iPhone, Samsung និង LGគេចពន្ធជិត៥០០គ្រឿងដែលនាំចូលពីប្រទេសកូរ៉េនិងឈានដល់ការឃាត់ខ្លួនបុសលជនជាតិកូរ៉េចំនួន៣នាក់យកមកសួរនាំ។ ហេតុការណ៍បង្ក្រាបនោះធ្វើឡើងនៅម៉ោង១១និង៤៥នាទីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។
លោកគង់ ផល្លាគុណ ប្រធានគយនិងរដ្ឋករច្រកព្រលានយន្តហោះខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ខែមីនានេះថា៖នៅម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦មន្រ្តីគយបានឆែករកឃើញទូរស័ព្ទ Samsung និង iPhone២វ៉ាលីសមានចំនួន២៦៥គ្រឿង តាមជើងហោះហើរលេខ OZ737 (SeoulSiemReap)ពីអ្នកដំណើរជនជាតិកូរ៉េចំនួន៣នាក់ក្នុងនោះមានឈ្មោះ Kang Donghwa។
លោកបន្តថា៖សមត្ថកិច្ចគយក៏បង្ក្រាបបានទូរស័ព្ទប្រើរួចម៉ាកSamsungនិងម៉ាក LG ២វ៉ាលីសទៀត ចំនួន២០៦គ្រឿង ពីអ្នកដំណើរជនជាតិកូរ៉េឈ្មោះ Kim Namgyu និងឈ្មោះ Kong Sang MoonតាមជើងហោះហើរលេខBX721 (Busan Siem Reap)ផងដែរ។
លោកបន្ថែមថា៖ទូរស័ព្ទស្មាតហ្វូនទាំងនោះនាំចូលពីប្រទេសកូរ៉េដោយបុរសជនជាតិកូរ៉េហើយតាមច្បាប់សមត្ថកិច្ចចាប់តែទំនិញគេចពន្ធទេរីឯជនសង្ស័យយើងធ្វើកិច្ចសន្យាអប់រំនិងផាកពិន័យ។
លោកបញ្ជាក់ថា៖ការឆែកឆេររកឃើញទូរស័ព្ទគេចពន្ធទាំង៤៧១គ្រឿងនោះត្រូវបានយកទៅរក្សាទុករង់ចាំម្ចាស់ចូលមកបង់ពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន។
សូមរំលឹកថា៖នេះជាលើកទី២ហើយនាឆ្នាំ២០១៦នេះដែលកម្លាំងគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបធ្វើការបង្ក្រាបបាន៕
មតិយោបល់