ព័ត៌មានជាតិ

ញាតិគេញាតិយើង គួរពិចារណា! គ្រាន់តែរើអីវ៉ាន់ឈប់នៅបន្ទប់ជួល បុរសម្នាក់ ខឹងរហូតដល់ថ្នាក់ ចាប់ស្ត្រីម្នាក់ចង

ភ្នំពេញៈ ស្ត្រី២នាក់បងប្អូន រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីផ្ទុះរឿងទំនាស់ពាក្យសម្តី រហូតដល់ម្ចាស់ផ្ទះចាប់ចងដៃ មើលតែអ្នកទោស ក្រោយពីអ្នកទាំងឈប់ជួលបន្ទប់។

ហេតុការណ៍នេះ បានបង្កឲ្យការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅផ្ទះជួលក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីដែលម្ចាស់ផ្ទះចាប់ចងនឹងក្រមាជាប់ទ្វារ មានឈ្មោះ អឿន ស្រីនាថ អាយុ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រស្បែកជើង ស្នាក់នៅបន្ទប់ជួល ផ្សេងទេ តែក្នុងភូមិខាងលើដែរ ។ ចំណែកស្ត្រីម្នាក់ទៀត ជាអ្នកជួលបន្ទប់ ចំណុចកើតហេតុ មានឈ្មោះ អឿន ស្រីម៉ៅ អាយុ៣៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ។ ទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានស្រុកកំណើត ភូមិទួលកាកោរ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។

តាមស្ត្រី២នាក់បងប្អូន ដែលមានវត្តមាននៅសង្កាត់ចោមចៅ៣ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ គ្រាដែលនាំគ្នាមកបំភ្លឺ និងដាក់ពាក្យបណ្តឹង ស្ត្រីឈ្មោះ អឿន ស្រីម៉ៅ បានឲ្យដឹងថា គាត់បានមកជួលបន្ទប់ ផ្ទះ របស់លោកយាយម្នាក់ ក្នុងភូមិព្រៃទា២ (ផ្ទះកើតហេតុ) អស់រយៈពេលជាង១ឆ្នាំហើយ តម្លៃ៤៥ដុល្លារ ក្នុង១ខែ ហើយមិនដែលជំពាក់ខែណាមួយរៀលទេ ព្រោះថាម្ចាស់ផ្ទះជួលខាងលើ សូម្បីតែខ្វះមួយរយលុយខ្មែរ ក៏មិនបានផង។ លុះមកដល់ដើមខែមេសា ឆ្នាំ២០២០នេះ ដោយសារចំណូលតិចតួចស្តួចស្តើងពេក ក៏បានសុំម្ចាស់ផ្ទះ ឈប់ជួលបន្ទប់ទៀតហើយ ក្នុងបំណងទៅជួលបន្ទប់ផ្សេង តម្លៃតែ២៥ដុល្លារទេ ក្នុង១ខែ រីឯឈ្នួលបន្ទប់ក៏ទូទាត់ឲ្យអស់ចប់សព្វគ្រប់ដែរ លុះដល់រើអីវ៉ាន់ ទៅនៅបន្ទប់ផ្សេង ម្តងហើយ នៅមិនទាន់អស់ទេ បិទទ្វារចាក់សោសិន មកដល់រសៀលថ្ងៃទី០៥ ខែមេសាម្សិលមិញនេះ បំណងទៅជញ្ជូនអីវ៉ាន់បន្តទៀត ស្រាប់តែឃើញទ្វារបន្ទប់ចំហរ សោត្រូវបានកូនចៅម្ចាស់ផ្ទះវាយកម្ទេចចោល លុះសាកសួរ ស្រាប់តែភាគីម្ចាស់ផ្ទះ ផ្ទុះកំហឹង ជេរប្រមាថ រករឿង ទើបគាត់ទូរស័ព្ទ ហៅប្អូនស្រីបង្កើតឈ្មោះ អឿន ស្រីនាថ មកជួយ តែត្រូវបាន ភាគីម្ចាស់ផ្ទះ កាន់តែក្តៅ កាន់តែខឹង រហូតដល់ចាប់ស្ត្រីឈ្មោះ អឿន ស្រីនាថ ចងនឹងក្រមា ជាប់នឹងទ្វារដែក ហើយដេញវាយ ស្ត្រីជាបងទៀត តែសំណាងល្អ ស្ត្រីដែលម្ចាស់ផ្ទះចាប់ចង បានរើស្រាយចំណងរួច នាំគ្នារត់គេច ។

តាមស្ត្រីឈ្មោះ អឿន ស្រីនាថ បានឲ្យដឹងថា ដូចជាជ្រុលពេកហើយ អត់មានជំពាក់លុយបន្ទប់ផង គ្រាន់តែឈប់ជួល បែរជាម្ចាស់ផ្ទះ រករឿងបង្កបញ្ហា ចាប់ចង មើលតែអ្នកទោស រហូតដល់ មិនទទួលខុសត្រូវវនូវទង្វើររបស់ខ្លួន ថែមទាំងជំរុញឲ្យពួកនាងទៅប្តឹងសមត្ថកិច្ចទៀត ។

ដោយទ្រាំនូវទង្វើរគ្មានមនុស្សធម៌ ដូចជាព្រៃផ្សៃពេក ទើបនៅព្រឹកថ្ងៃទី០៦ នេះនាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិស ។

តាមអាជ្ញាធរ សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីផ្ទះរឿងខាងលើ នៅព្រឹកថ្ងៃទី០៦ ខែមេសានេះផងដែរ កម្លាំងចុះទៅដល់ផ្ទះជួលខាងលើ តែម្ចាស់ផ្ទះ មិននៅឡើយ ហើយសមត្ថកិច្ច កំពុងបន្ត នីតិវិធីរឿងនេះហើយ ៕

មតិយោបល់