ព័ត៌មានជាតិ

មានគំនុំជាមួយប្តី ស្រាប់តែឃើញប្រពន្ធគេទាញដំបងវាយសំពង ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

កណ្តាលៈ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលូតាខន ភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះភេទស្រី អាយុ៤៦ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ យ៉ុន សល់ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ដកហូតបាន ដំបងឬស្សីចំនួន១ , ក្បាលពិលហ្វាចំនួន១គ្រឿង (ជារបស់ជនសង្ស័យ) ។

មុនពេលកើតហេតុ មានឈ្មោះ ចេង ហុន បានជិះកង់ទៅរកប្តីឈ្មោះ អុន វី ដែលទៅនេសាទត្រីនៅចំណុចបឹង៥០០ ប៉ុន្តែរកមិនឃើញប្ដីក៏ជិះកង់ត្រឡប់មកវិញបានជួបឈ្មោះ យ៉ុន សល់ នៅចំណុចលូតាខន ដែលស្ថិតនៅខាងជើងភូមិពីងពង់ឃ្លាតចម្ងាយប្រហែល១៨០ម៉ែត្រ ទើបឈ្មោះ ចេង ហុន សួរទៅកាន់ឈ្មោះ យ៉ុន សល់ រកប្តីរបស់ខ្លួន ឈ្មោះ យ៉ុន សល់ ឆ្លើយថា មិនបានជួបទេ បន្ទាប់មកឈ្មោះ ចេង ហុន បណ្តើរកង់ចេញផុតពីឈ្មោះ យ៉ុន​សល់ បានបន្តិចស្រាប់តែឈ្មោះ យ៉ុន សល់ បានវាយឈ្មោះ ចេង ហុន ចំកខាងស្តាំចំនួន១ដំបងឬស្សី បណ្តាលឲ្យដួលលុតជង្គង់ភ្លាមនោះឈ្មោះ ចេង ហុន ខំប្រឹងស្ទុះងើបបណ្តើរកង់រត់មកដល់ផ្ទះខ្លួនក៏សន្លប់តែម្តង។ ភ្លាមនោះបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងឃុំក្រាំងយ៉ូវ ដើម្បីព្យាបាល។

ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវបានអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការនាំខ្លួនឈ្មោះ យ៉ុន សល់ មកប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ យ៉ុន សល់ បានសារភាពថាខ្លួនមានគំនុំជាមួយឈ្មោះ អុន វី ដែលត្រូវជាប្តីរបស់ឈ្មោះ ចេង ហុន ដោយសារខ្ចីលុយចំនួន៦០,០០០រៀល រយៈពេល២ឆ្នាំកន្លងមកទើបសងរួច។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តអនុវត្តតាមនីតិវីធីច្បាប់៕

មតិយោបល់