ព័ត៌មានជាតិ

រថយន្តកាមរីបាឡែន បើកបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿង មិនគោរពភ្លើងស្តុបចរាចរណ៍ បានជ្រុលចង្កូចទៅបុករថយន្តស៊េរីទំនើប ម៉ាកផចមួយគ្រឿង បើកបរដោយបុរសម្នាក់ ចំពាក់កណ្តាល បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសាលាយុគន្ធរ តាមបណ្តោយផ្លូវសីហនុកែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-5952 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដោយមិនគោរពភ្លើងស្តុបចារចរណ៍ រថយន្តបានបន្តដំណើរជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកផច ពណ៌ស ពាក់ស្លាកលេខភ្នំពេញAF-8868បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១០៥ទិសដៅពីជើងទៅត្បូងចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យ រថយន្តផចវិលមួយជុំ រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកាមរីបាឡែន ខូចខាតផ្នែកខាងមុខផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់