ភ្នំពេញៈ កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យដ៏ធំមួយ បានបណ្ដាលឲ្យផ្ទះក្លាសេត្រីមួយកន្លែង រួមទាំងរថយន្តស៊េរីទំនើបមួយគ្រឿង រងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លួវលេខ១២៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុនោះ មានលោកពូសន្តិសុខម្នាក់ ដែលប្រចាំការក្បែរផ្ទះកើតហេតុ បានក្រឡែកឃើញមានផ្សេងហុយឡើងខ្មួលខ្មាញ់ ចេញពីក្នុងផ្ទះកើតហេតុ ព្រមទាំងមានអណ្ដាតភ្លើងចេញមកយ៉ាងសន្ធោសន្ធៅផងដែរ ពេលនោះពូសន្តិសុខ ក៏បានទាញឈើមកគោះទ្វា ដើម្បីឲ្យមនុស្សដែលនៅខាងក្នុងផ្ទះដឹងខ្លួន និងបាននាំគ្នារត់ចេញក្នុងផ្ទះយ៉ាងប្រញាប់។
ភ្លាមៗផងដែរ ប្រជាពលរដ្ឋនៅទីតាំងកើតហេតុ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ហើយក្នុងប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿង ក្នុងរយៈពេល១ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ។
ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងមូលហេតុអ្វីនោះទេ គ្រាន់តែដឹងថា មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះក្លាសេគ្រឿងសមុទ្រខាងលើនេះ រងការខូចខាតអស់មួយចំនួនធំ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ៕
មតិយោបល់