ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះកម្ទេចជ័រដែលគេ គចោលនៅខាងមុខរោងចក្រផលិតស្បែកជើងយីហោ សេងសាន់ស៊ូ បង្កអោយមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ត្រង់ចំណុចរោងចក្រផលិតស្បែកជើង សេងសាន់ស៊ូ តាមបណ្តោយផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមសម្តីពីបុរសម្នាក់ឈ្មោះ គិត សីហា អាយុ៣៥ឆ្នាំ ជាសន្តិសុខយាមរោងចក្រកើតហេតុខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់កំពុងសម្រាកនៅក្នុងរោងចក្រខាងលើ។ លុះដល់វេលាកើតហេតុគាត់ក៏បានធំក្លិនឈ្ងៀមចេញមកពីខាងក្រៅ ខណៈនោះគាត់ក៏បានដើរទៅមើលក៏ឃើញមានអណ្ដាតភ្លើងបានកំពុងឆាបឆេះគំនរកម្ទេចជ័រដែលគេចាក់គរចោលនៅក្នុងរបង ខាងមុខរោងចក្រ។ ភ្លាមនោះគាត់ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកជាជនជាតិចិនដែលស្នាក់នៅក្នុងនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគន៍។ បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកចំនួន២គ្រឿង រួចក៏បានធ្វើការបាញ់ពន្លត់អស់ទឹកមួយគ្រឿងក៏រលត់ទៅវិញជាស្ថាពរ។
ចំពោះករណីខាងលើគឺមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងរឺរោងចក្រខាងលើនោះទេគឺគ្រាន់តែឆេះខូចខាតកម្ទេចជ័រដែលគេចាក់ចោលតែប៉ុណ្ណោះ។ ហើយជំហ៊ានដំបូងសមត្ថកិច្ចសណ្ឋានថាមានអ្នកបោះកន្ទុយបារីចូលទៅក្នុងនោះទើបបង្កឲ្យឆេះតែម្ដង៕
មតិយោបល់