ភ្នំពេញៈ បុរសជាជនជាតិបរទេស២នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿន ហើយបានបើកគេចពីម៉ូតូមួយគ្រឿងទៀត រួចក៏ជ្រុលចង្កូតទៅបង្គោលភ្លើងបំភ្លឺមួយដើម កាលពីវេលាម៉ោង១៥និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសកលវិទ្យាល័យជាតិគ្រប់គ្រង តាមបណ្តោយផ្លូវព្រះមុនីវង្សកែងនិងផ្លូវ៩៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញ បុរសជាជនជាតិបរទេស២នាក់បើកបររថយន្តមួយគ្រឿងម៉ាក អូឌីTFS ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ2AB-3011 ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបត់ឆ្វេងទៅផ្លូវលេខ៩៦ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈពេលនោះក៏ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿងទៀត បានបើកបញ្រ្ចាសទិសដៅចរាចរណ៍ បង្កឲ្យរថយន្តខាងលើអកហ្សើនិងម៉ូតូនោះ។ ហើយរថយន្តក៏បានកាច់ចង្កូតគេចពីម៉ូតូទៅខាងស្តាំក៏ជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យវៀចទ្រេត។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំទៅមុខលែងរួច។ ហើយចំពោះហេតុការណ៍ខាងលើគឺមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុហើយក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕








មតិយោបល់