ព័ត៌មានជាតិ

អាជ្ញាធរជំរុញឲ្យពុទ្ធបរិស័ទ រួមគ្នាកសាងសមិទ្ធផលក្នុងវត្ត ដើម្បីលើកតម្កើងព្រះពុទ្ធសាសនា

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា សំណង់ដ៏ស្កឹមស្កៃ និងសមិទ្ធផលនានានៅក្នុងវត្តតាំងក្រសាំងខាងជើង គឺបានកសាងឡើងតាមរចនាបទខ្មែរ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានក្បូរក្បាច់រចនាស្រស់ត្រកាល ធ្វើឲ្យទីវត្តទាំងមូលមានសោភ័ណភាពល្អ សមជាទីសក្ការបូជាសម្រាប់ពុទ្ធបរិស័ទគ្រប់រូប។

ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តតាំងក្រសាំងខាងជើង នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហែន ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា វត្តតាំងក្រសាងខាងជើង ស្ថិតនៅក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានផ្ទៃដី៣ហិកតា៦០អារ មានព្រះសង្ឃគង់នៅចំនួន១៤អង្គ ដែលគិតមកដល់ពេលនេះមានអាយុកាល៥៩២ឆ្នាំហើយ ដែលក្នុងនោះឆ្លងកាត់ព្រះចៅអធិការចំនួន១១ព្រះអង្គ។ ព្រះសង្ឃពុទ្ធបរិស័ទ សប្បុរសជននានា បានរួបរួមជាសទ្ធាជ្រះថ្លាជំរុញការកសាងវត្តនេះជាបន្តបន្ទាប់ដូចមានទិដ្ឋភាពជាក់ស្តែងចំពោះមុខនេះស្រាប់។ សំណង់ទាំងអស់ក្នុងវត្តមួយនេះ ពិតជាកំណត់ទ្រព្យដ៏ប្រពៃរបស់ម្ចាស់សទ្ធាទាំងឡាយ កប់ទុកក្នុងព្រះពុទ្ធសាសនា សម្រាប់អនាគតជាតិខាងមុខ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីឯកភាព ទាំងពុទ្ធចក្រ ទាំងអាណាចក្ក បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។

លោកអភិបាលបានបន្តថា យើងទាំងអស់គ្នាពិតជាជ្រាបច្បាស់ថា ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើង ជាយូរលង់ណាស់មកហើយ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណៈងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក ដោយគ្រាន់តែមានការរីកចម្រើន ឬធ្លាក់ចុះទៅតាមសភាពការណ៍នៃប្រទេសជាតិតែប៉ុណ្ណោះ។ ស្ថិតក្នុងទិដ្ឋភាពបែបនេះ ទើបប្រជាពលរដ្ឋ បានរួមគ្នាកសាងវត្តអារាមនានាជាច្រើននៅទូទាំងប្រទេសទុកជាទីសក្ការបូជា៕

មតិយោបល់