ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកសឺដេសC300 ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវៀចអស់មួយកង់ រថយន្តបង្កខ្ទេចផ្នែកខាងមុខផ្ទប់ជាប់ទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវ១១៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកសឺដេសC300មួយគ្រឿង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលវៀចមួយកង់រថយន្តខ្ទេចផ្នែកខាងមុខផ្ទប់ជាប់ទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់