ព័ត៌មានជាតិ

វាយគេបែកក្បាល ត្រូវសមត្ថកិច្ចចាប់ខ្លួន

រតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងបានលុង ឃាត់ខ្លួនពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា យកកៅអីជ័រ វាយទៅលើក្បាលយុវជន២នាក់ បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ត្រង់ចំណុចក្នុងផ្សាររាត្រីបានលុង ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

នគរបាលក្រុងបានលុងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ហេង ម៉ុងហាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងសិប្បកម្មដែក ស្នាក់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (រងរបួសបែកក្បាល) និងជនរងគ្រោះទី២ឈ្មោះ កង សុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងសិប្បកម្មដែក ស្នាក់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (រងរបួសស្រាល)។ ចំណែក ជនសង្ស័យឈ្មោះ លី រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិអូរមៀត សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មូលហេតុជម្លោះពាក្យសម្តីគ្នាឈានទៅដល់ការផ្ទុះហិង្សាតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលក្រុង បានលុង ដើម្បីសាកសួរ និងដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕

មតិយោបល់