ភ្នំពេញៈ បុរសម្នាក់ បានឌុបប្អូនប្រុសទៅបន្ទប់ជួលវិញ ដោយធ្វើរដំណើរបានពាក់កណ្ដាលផ្លូវ ត្រូវក្រុមជនសង្ស័យប្រដាប់ដេញដាវ កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ទំនប់កប់ស្រូវ ស្ថិតនៅភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សយ វីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ចំណែកម៉ូតូមួយគ្រឿងដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង ១AC-១៦១០។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឌុបប្អូនប្រុស ទៅបន្ទប់ជួលរបស់ប្អូនវិញ ដោយធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ ស្រាប់តែឃើញជនសង្ស័យមានគ្នាជិត១០នាក់ ជិះម៉ូតូចំនួន៤គ្រឿងបានឈប់ផ្តុំគ្នាកន្លែងម៉ាត ជិតប៉ុស្តិ៍២៤ម៉ោងនៅម្ដុំផ្លូវកបស្រូវ ។
ពេលនោះពួកគាត់បានបើកបរម៉ូតូចេញពីកន្លែងជនសង្ស័យបានចម្ងាយជាង១០០ម៉ែត្រ ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះម៉ូតូដេញពីក្រោយដកដាវ ព្រមទាំងខ្សែក្រវាត់ដេញវាយ និងតាមកាប់ពួកគាត់ ធ្វើឱ្យពួកគាត់ភ័យហើយបានផ្ដួលម៉ូតូនៅចិញ្ចើមផ្លូវ រួចលោតចូលទឹកបឹងឈូក គេចពីជនសង្ស័យ ភ្លាមៗនោះក្រុមជនសង្ស័យខាងលើ បានលើកម៉ូតូរបស់គាត់ ជិះយកទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូឌុបទៅប្ដឹងសមត្ថកិច្ច ដើម្បីជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់